BREAKING: សម្តេចប៉ាប ហ្រ្វង់ស៉ីស យាងចូលទិវង្គត ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា (Video inside)
21-04-2025 15:07
(បុរីវ៉ាទីកង់)៖ នៅថ្ងៃចន្ទ ទី២១ ខែមេសា បុរីវ៉ាទីកង់បានប្រកាសឱ្យដឹងថា សម្តេចប៉ាប ហ្រ្វង់ស៉ីស បានយាងចូលទិវង្គតហើយ ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
បុរីវ៉ាទីកង់បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា សម្តេចប៉ាបបានយាងចូលទិវង្គត កាលពីវេលាម៉ោង៧៖៣៥នាទីព្រឹកថ្ងៃចន្ទនេះ។ ដំណឹងសោយទិវង្គតរបស់សម្តេចប៉ាប ហ្រ្វង់ស៉ីស គឺបន្ទាប់ពីទ្រង់បានបង្ហាញព្រះរាជវត្តមានជាសាធារណៈ នៅទីលាន Saint Peter's Square នាឱកាសថ្ងៃបុណ្យសាសនាគ្រិស្ត Easter កាលពីថ្ងៃអាទិត្យកន្លងទៅ។
គួរបញ្ជាក់ថា ទ្រង់គឺជាសម្តេចប៉ាបដំបូងបំផុតក្នុងប្រវត្តិសាស្រ្ត ដែលមានដើមកំណើតមកពីតំបន់អាមេរិកឡាទីន។ អំឡុងរយៈពេល១២ឆ្នាំ ក្នុងតួនាទីជាសម្តេចសង្ឃកំពូល នៃសាសនាគ្រិស្តរ៉ូម៉ាំងកាតូលិក ទ្រង់ធ្លាប់ព្រះប្រឈួនជាច្រើន។ កាលពីថ្ងៃទី២៣ មីនា សម្តេចប៉ាប ហ្រ្វង់ស៉ីស ទើបតែបានចាកចេញពីមន្ទីរពេទ្យ ក្រោយចំណាយពេលជាង១ខែ ស្ថិតនៅទីនោះ បន្ទាប់ពីប្រឈួនធ្ងន់ធ្ងរ៕