Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចិនបញ្ជាក់ជាផ្លូវការថា លោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចនៅវៀតណាម ម៉ាឡេស៊ី និងកម្ពុជា នៅសប្ដាហ៍ក្រោយ (Video inside)

11-04-2025 09:45

(ប៉េកាំង)៖ ក្រសួងការបរទេសចិន នៅថ្ងៃសុក្រ ទី១១ ខែមេសា បានប្រកាសជាផ្លូវការថាលោកប្រធានាធិបតីចិន ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋទៅកាន់វៀតណាម ម៉ាឡេស៊ី និងកម្ពុជា នៅសប្ដាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អ្នកនាំពាក្យម្នាក់របស់ក្រសួងការបរទេសចិនបានឱ្យដឹងទៀតថាលោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចទៅប្រទេសទាំង៣ខាងលើ ក្នុងតំបន់អាស៊ីគ្នេយ៍ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែមេសា។

សារព័ត៌មាន South China Morning Post គឺជាអ្នករាយការណ៍មុនគេថា លោក ស៉ី គ្រោងបំពេញទស្សនកិច្ចមកកាន់ប្រទេសចំនួន៣ នៅតំបន់អាស៉ីអាគ្នេយ៍ រួមមានម៉ាឡេស៉ី កម្ពុជា និងវៀតណាម អំឡុងខ្ទង់​ពាក់កណ្តាលខែមេសានេះ ស្របពេលដែលទីក្រុងប៉េកាំង បង្កើនកិច្ចប្រឹងប្រែង ដើម្បីធ្វើឱ្យទំនាក់ទំនងកាន់តែស៉ីជម្រៅ ជាមួយបណ្តាប្រទេសនៅក្នុងតំបន់ ចំពោះមុខក្តីកង្វល់អំពី គោលនយោបាយការបរទេស និងគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក អំឡុងអាណត្តិទី២ របស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ។

កាលពីថ្ងៃពុធ ទី៩ ខែមេសាផងដែរ រដ្ឋាភិបាលនៃប្រទេសម៉ាឡេស៉ី បានប្រកាសឱ្យដឹងថា ខ្លួននឹងទទួលស្វាគមន៍ ដំណើរបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ របស់ប្រធានាធិបតីចិន លោក ស៉ី ជីនពីង នៅសប្តាហ៍ ក្រោយនេះ។ តាមរដ្ឋមន្រ្តីព័ត៌មានម៉ាឡេស៉ី លោក Fahmi Fadzil «ម៉ាឡេស៉ី នឹងទទួលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតី ស៉ី ជីនពីង ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមេសា»

លោក Fahmi បន្តថាទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង គឺជាផ្នែកមួយ​នៃកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលម៉ាឡេស៉ី ក្នុងការធ្វើពិពិធកម្មទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួន ជាមួយប្រទេសចម្រុះ៕