ប្រមុខ UN៖ តំបន់ហ្កាហ្សាប្រែក្លាយជា «វាលពិឃាដ» ដោយសារអ៉ីស្រាអែល បន្តរាំងខ្ទប់លំហូរជំនួយ (Video inside)
09-04-2025 15:29
(យូអិន)៖ កាលពីថ្ងៃអង្គារ ទី៨ ខែមេសា អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បាននិយាយថា តំបន់ហ្កាហ្សាបានប្រែក្លាយជា «វាលពិឃាដ» ដោយសារតែអ៉ីស្រាអែលបន្តបិទខ្ទប់ការផ្តល់ជំនួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
លោក Guterres បាននិយាយថា «ជាង១ខែមកហើយ គ្មានជំនួយបានចូលទៅកាន់តំបន់ហ្កាហ្សាឡើយ។ គ្មានទាំងស្បៀងអាហារ ឥន្ធនៈ ឱសថ ឬសម្ភារផ្គត់ផ្គង់ផ្សេងៗទៀត។ ខណៈដែលជំនួយរីងស្ងួត ទ្វារទំនប់នៃសេចក្តីរន្ធត់ព្រឺព្រួច ត្រូវបានបើកឡើងវិញ»។ ដោយចង្អុលទៅកាន់អនុសញ្ញាទីក្រុងហ្សឺណែវ ដែលចែងអំពីការប្រព្រឹត្តលើមនុស្សអំឡុងពេលសង្រ្គាម លោកអគ្គលេខាធិការ UN បានសង្កត់ធ្ងន់អំពីកាតព្វកិច្ចរបស់កងកម្លាំងត្រួតត្រា ក្នុងការធានានូវការផ្តល់ស្បៀងអាហារ និងឱសថជាដើម ដល់ប្រជាជន។
យ៉ាងណាមិញ លោក Guterres បាននិយាយដូច្នេះថា «កាតព្វកិច្ចនេះមិនកំពុងត្រូវបានអនុវត្តឡើយ។ គ្មានជំនួយមនុស្សធម៌ អាចចូលទៅកាន់តំបន់ហ្កាហ្សាទេ។ ហ្កាហ្សាបានប្រែក្លាយជាវាលពិឃាដ ខណៈប្រជាជនស៉ីវិល កំពុងស្ថិតក្នុងវដ្តនៃសេចក្តីស្លាប់ ដែលគ្មានទីបញ្ចប់»។ ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសអ៉ីស្រាអែល បានចេញមុខច្រានចោលភ្លាមៗ ចំពោះការចោទប្រកាន់របស់លោក Guterres ដោយអះអាងថា គ្មានការខ្វះខាតជំនួយមនុស្សធម៌ ក្នុងតំបន់ហ្កាហ្សាស្រ្ទីបឡើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមីនា អ៉ីស្រាអែលបានបន្តឡើងវិញ នូវការវាយប្រហារយោធារបស់ខ្លួន ក្នុងសង្រ្គាមប្រឆាំងក្រុមហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ដែលបានផ្ទុះឡើងដំបូងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ មកទល់ពេលនេះ ជនជាតិប៉ាឡេស្ទីនច្រើនជាង៥០០០០នាក់ហើយ បានស្លាប់ ដោយសារតែសង្រ្គោះ៕