Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេដឹកនាំប៉ាឡេស្ទីន ទទូចឱ្យក្រុមហាម៉ាស ឈប់ផ្តល់លេសឱ្យអ៉ីស្រាអែល បន្តសង្រ្គាមនៅហ្កាហ្សា (Video inside)

09-04-2025 14:21

(WEST BANK)៖ មេដឹកនាំប៉ាឡេស្ទីន ដែលមានមូលដ្ឋាននៅតំបន់ West Bank កាលពីថ្ងៃអង្គារ ទី៨ ខែមេសា បានអំពាវនាវ​ឱ្យក្រុមសកម្មប្រយុទ្ធហាម៉ាស ឈប់អនុញ្ញាតឱ្យអ៉ីស្រាអែល អាច​មានលេសបន្តធ្វើសង្រ្គាមដ៏បំផ្លិចបំផ្លាញ នៅតំបន់ហ្កាហ្សាតទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អ៉ីស្រាអែល បានបន្តការវាយប្រហារយោធារបស់ខ្លួនឡើងវិញ នៅហ្កាហ្សា កាលពីថ្ងៃទី១៨ ខែមីនា ដែលបិទបញ្ចប់បទឈប់បាញ់ រយៈពេល២ខែ ជាមួយហាម៉ាស។ ក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យរបស់មេដឹកនាំប៉ាឡេស្ទីន លោក Mahmud Abbas បានទទូចឱ្យក្រុមហាម៉ាស ឈប់ធ្វើការសម្រេចចិត្ត ដែលគ្មានភាពទទួលខុសត្រូវតទៅទៀត ដើម្បីកុំឱ្យជនជាតិប៉ាឡេស្ទីន ត្រូវបន្តទទួលរងផលវិបាកនៃសង្រ្គាមរបស់អ៉ីស្រាអែល។

ដោយលើកឡើងអំពីការដែលចំណាប់ខ្មាំងអ៉ីស្រាអែលរាប់សិបនាក់ បន្តស្ថិតក្នុងកណ្តាប់ដៃរបស់ហាម៉ាស នៅហ្កាហ្សា សេចក្តីថ្លែងការណ៍ខាងលើ បានសង្កត់ធ្ងន់ថា «ឈប់អនុញ្ញាតឱ្យកងកម្លាំងត្រួតត្រា មានលេសបន្តអំពើប្រល័យពូជសាសន៍របស់ពួកគេ»។ ការិយាល័យលោក Abbas បានអំពាវនាវឱ្យហាម៉ាស ដែលគ្រប់គ្រងហ្កាហ្សា ចាប់តាំងពីឆ្នាំ២០០៧មក គោរពតាមគោលជំហរផ្លូវការរបស់ជនជាតិប៉ាឡេស្ទីន និងកិច្ចផ្តួចផ្តើមរបស់ក្រុមប្រទេសអារ៉ាប់។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានជួបជាមួយ ព្រះមហាក្សត្រហ៊្សកដានី និងប្រធានាធិបតីអេហ្ស៉ីប នៅទីក្រុងគែរ ជាទីដែលអ្នកទាំង៣ បានរួមគ្នាអំពាវនាវឱ្យអាជ្ញាធរប៉ាឡេស្ទីន ជាអ្នកគ្រប់គ្រងតំបន់ហ្កាហ្សា ប្រសិនបើសង្រ្គាមបញ្ចប់ទៅវិញ ហើយមិនឱ្យហាម៉ាស នៅមានតួនាទីណាមួយឡើយ ក្នុងអភិបាលកិច្ចក្រោយសង្រ្គាម។ អាជ្ញាធរប៉ាឡេស្ទីន ដែលមានមូលដ្ឋាននៅតំបន់ West Bank គឺគ្រប់គ្រងដោយចលនា Fatah របស់លោក Abbas ដែលជាគូប្រជែងយូរមកហើយ របស់ក្រុមហាម៉ាស៕