Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឆាប់ៗនេះ រុស្ស៉ី-កូរ៉េខាងជើង នឹងមានផ្លូវថ្នល់សម្រាប់តភ្ជាប់ប្រទេសទាំងពីរ បន្ថែមពីលើផ្លូវដែក​ (Video inside)

27-03-2025 16:11

(មូស្គូ)៖ ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំទីក្រុងព្យុងយ៉ាង លោក Alexander Matsegora បាននិយាយថា រុស្ស៉ី និងកូរ៉េខាងជើង នឹងចាប់ផ្តើមសាងសង់ស្ពានមួយ ឆ្លងកាត់ទន្លេ Tumen រវាងប្រទេសទាំងពីរ នៅក្នុងពេលឆាប់ៗ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ ២០២៥។

លោក Alexander Matsegora បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៉ីថា «ការសាងសង់ស្ពាននេះ មិនទាន់ចាប់ផ្តើមនៅឡើយទេ។ ភាគីទាំងពីរកំពុងអនុវត្តការងារត្រៀមរៀបចំ បញ្ចប់ឯកសាររចនា បង្កើតក្រុមការងារសាងសង់ និងត្រៀមសម្ភារៈ»។

ស្ពានដែលស្ថិត​ក្រោម​ការ​ពិភាក្សាគ្នាអស់រយៈពេល​​ច្រើន​ឆ្នាំ​មក​ហើយ ​នឹងមាន​ប្រវែង ៨៥០ម៉ែត្រ ហើយតភ្ជាប់​ជាមួយ​ប្រព័ន្ធ​ផ្លូវ​ជាតិរបស់​រុស្ស៊ី។ គម្រោងនេះ ត្រូវបានឯកភាពអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ទៅកូរ៉េខាងជើង ក្នុងឆ្នាំ ២០២៤ ជាពេលដែលប្រទេសទាំងពីរ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាព ជាដៃគូយុទ្ធសាស្ត្រទូលំទូលាយ។

តាមក្រុមហ៊ុនវិភាគរូបភាពផ្កាយរណបកូរ៉េខាងត្បូង SI Analytics ការងារសាងសង់គ្រឹះស្ពាន និងតំណភ្ជាប់ផ្លូវហាក់ ដូចជាបានចាប់ផ្តើមហើយ។ ការសាងសង់ស្ពាន បន្ថែមលើផ្លូវដែកដែលមានស្រាប់ហើយនោះ នឹងនាំមកនូវការផ្លាស់ប្តូរ ផ្នែកសេដ្ឋកិច្ច សង្គម យោធារវាងរុស្ស៉ី និងកូរ៉េខាងជើងថែមទៀត៕