Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ុយក្រែនអះអាងថា រុស្ស៉ីបាញ់ដ្រូនជិត១៤០គ្រឿង និងមីស៉ីលបាលិស្ទីគ១គ្រាប់ ខណៈអាមេរិកកំពុងចរចាជាមួយភាគីទាំងពីរ ជុំវិញបទឈប់បាញ់ (Video inside)

25-03-2025 16:06

(កៀវ)៖ នៅថ្ងៃអង្គារ ទី២៥ ខែមីនា កងទ័ពអាកាសអ៊ុយក្រែន បានអះអាងថា រុស្ស៉ីបានបាញ់យន្តហោះដ្រូនចំនួន១៣៩គ្រឿង ព្រមទាំង​មីស៉ីលបាលិស្ទីគ Iskander-M ចំនួន១គ្រាប់ អំឡុងការវាយប្រហារមួយ កាលពីវេលាយប់កន្លងទៅ ដែលបានបង្កឱ្យមនុស្ស ២នាក់រងរបួស ហើយខូចខាតអគារ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា កងកម្លាំងរបស់ខ្លួន បានបាញ់ទម្លាក់ដ្រូនរុស្ស៉ី៧៨គ្រឿង រីឯ៣៤គ្រឿងទៀត មិនបានហោះទៅដល់គោលដៅរបស់ពួកវាទេ ប៉ុន្តែពុំបានបញ្ជាក់ច្បាស់ថា តើអ្វីបានកើតឡើងចំពោះដ្រូន២៧គ្រឿងទៀត ឬមីស៉ីល១គ្រាប់នោះឡើយ។ ការវាយប្រហារនោះ បានបណ្តាលឱ្យមនុស្ស២នាក់រងរបួស និងការខូចខាតអគារ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធមួយចំនួន នៅតំបន់ដូចជា Poltava, Kharkiv និង Kyiv។

គួរបញ្ជាក់ថា ការវាយប្រហារខាងលើរបស់រុស្ស៉ី កើតមានឡើង បន្ទាប់ពីកិច្ចពិភាក្សាជាច្រើនម៉ោង កាលពីថ្ងៃចន្ទរវាងក្រុមមន្រ្តីរុស្ស៉ី និងក្រុមមន្រ្តីសហរដ្ឋអាមេរិក នៅឯប្រទេសអារ៉ាប៊ីសាអូឌីត ស្តីពីលទ្ធភាពបទឈប់បាញ់សមុទ្រខ្មៅ ក្នុងសង្រ្គាមជាមួយអ៊ុយក្រែន។ នៅថ្ងៃអង្គារនេះ ក្រុមមន្រ្តីអ៊ុយក្រែន ក៏កំពុងបន្តជួបជាមួយក្រុមមន្រ្តីអាមេរិក នៅអារ៉ាប៊ីសាអូឌីត ដើម្បីជជែកអំពីរឿងបទឈប់បាញ់នេះ ផងដែរ៕