ឥណ្ឌាឃុំខ្លួនកសិកររាប់រយនាក់ ខណៈដែលប៉ូលិសបោសសម្អាតជំរំតវ៉ា (Video inside)
20-03-2025 16:05
(ញូវដេលី)៖ ប៉ូលិសក្នុងរដ្ឋ Punjab ភាគខាងជើងប្រទេសឥណ្ឌា បានឃុំខ្លួនកសិកររាប់រយនាក់ និងប្រើប្រាស់គ្រឿងចក្រឈូសឆាយ កម្ទេចជំរំបណ្តោះអាសន្ននៅតំបន់ព្រំដែន ដែលពួកគេយកធ្វើជាកន្លែងតវ៉ា អស់រយៈពេលជាងមួយឆ្នាំមកនេះ ដើម្បីទាមទារឱ្យតម្លៃដំណាំមានលក្ខណៈប្រសើរជាងមុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ ២០២៥។
កសិករបានបោះជំរំ នៅតាមព្រំដែនជាប់នឹងរដ្ឋ Haryana ចាប់តាំងពីខែកុម្ភៈ ឆ្នាំមុន នៅពេលដែលកងកម្លាំងសន្តិសុខ បញ្ឈប់ការហែក្បួនរបស់ពួកគេឆ្ពោះទៅកាន់រដ្ឋធានី New Delhi ដើម្បីទាមទារឱ្យមានការធានាស្របច្បាប់ សម្រាប់ផលដំណាំរបស់ពួកគេ នៅតាមរដ្ឋមួយចំនួនទៀត។
មន្រ្តីប៉ូលិសជាន់ខ្ពស់ លោក Nanak Singh បាននិយាយថា កសិករសហការគ្នាបានល្អ ហើយព្រមចូលអង្គុយក្នុងឡានក្រុងដោយខ្លួនឯង។ យើងមិនចាំបាច់ប្រើកម្លាំងណាមួយទេ»។ រូបភាពពីទូរទស្សន៍ក្នុងស្រុក បង្ហាញឱ្យឃើញប៉ូលិសប្រើប្រាស់គ្រឿងចក្រ ដើម្បីឈូសឆាយវាយកម្ទេចតង់ និងឆាក ខណៈដែលនាំខ្លួនកសិកចូលក្នុងរថយន្ត។
គួរបញ្ជាក់ថា រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី Narendra Modi ត្រូវបានបង្ខំឱ្យលុបចោលច្បាប់កសិកម្មឆ្នាំ ២០២១មួយចំនួន បន្ទាប់ពីមានការតវ៉ាដោយកសិករនាំគ្នាបោះជំរំ នៅខាងក្រៅទីក្រុង Delhi។ គណបក្ស AAP ដែលកំពុងគ្រប់គ្រងរដ្ឋ Punjab និងអនុញ្ញាតឱ្យមានការធ្វើបាតុកម្មនោះ បាននិយាយថា ខ្លួននៅតែគាំទ្រកសិករឱ្យបន្តការទាមទាររបស់ពួកគេ ប៉ុន្តែស្នើពួកគេឱ្យទទួលយកដំណោះស្រាយពីរដ្ឋាភិបាល៕