Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក Zelenskiy ស្វាគមន៍បទឈប់បាញ់ ៣០ថ្ងៃ, សម្លឹងរកឱកាសសម្រាប់កិច្ចព្រមព្រៀងសន្តិភាព (Video inside)

12-03-2025 21:35

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានស្វាគមន៍កិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ក្នុងសប្តាហ៍នេះ ដោយចាត់ទុកបទឈប់បាញ់រយៈពេល ៣០ ថ្ងៃ ដែលបានស្នើឡើងថា ជាឱកាសសម្រាប់រៀបចំកិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការណ៍នេះ កើតឡើងក្រោយសហរដ្ឋអាមេរិកប្រកាសកាលពីថ្ងៃអង្គារថា នឹងបន្តផ្តល់ជំនួយយោធា និងការចែករំលែកព័ត៌មានសម្ងាត់ដល់អ៊ុយក្រែនវិញ បន្ទាប់ពីមន្ត្រីអាមេរិកនិងអ៊ុយក្រែន បានព្រមព្រៀងគ្នា លើបទឈប់បាញ់រយៈពេល ៣០ ថ្ងៃជាមួយរុស្ស៊ី ក្នុងអំឡុងកិច្ចពិភាក្សានៅប្រទេសអារ៉ាប៊ីសាអូឌីត។

ថ្លែងក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅទីក្រុងកៀវ លោក Zelenskiy បានបញ្ជាក់ថា លោកយកចិត្តទុកដាក់ខ្លាំង ចំពោះបទឈប់បាញ់នេះ ហើយចាត់ទុកថា វាមានសារៈសំខាន់ ក្នុងការបញ្ចប់សង្គ្រាម។ លោកបានសាទរចំពោះការបន្តផ្តល់ជំនួយនិងការចែករំលែកព័ត៌មានសម្ងាត់របស់សហរដ្ឋអាមេរិក ដោយចាត់ទុកថា ជាសញ្ញាវិជ្ជមាន។ លោកបានបញ្ជាក់ថា អ៊ុយក្រែន «បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់បទឈប់បាញ់រយៈពេល ៣០ថ្ងៃ ដូចដែលភាគីអាមេរិកបានស្នើឡើង»។

លោក Zelenskiy បានបន្ថែមថា កិច្ចប្រជុំនៅទីក្រុង Jeddah បានជួយ «បន្ថយភាពតានតឹង» រវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន បន្ទាប់ពីមានភាពរកាំរកូស រវាងលោក និងអតីតប្រធានាធិបតីអាមេរិក កាលពីខែមុន។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានថ្លែង បន្ទាប់ពីកិច្ចពិភាក្សា នៅទីក្រុង Jeddah ថា ពេលនេះសហរដ្ឋអាមេរិក នឹងដាក់សំណើនេះទៅកាន់រុស្ស៊ី ហើយការសម្រេចចិត្ត គឺស្ថិតនៅលើវិមានក្រឹមឡាំង​ ខណៈវិមានក្រឹមឡាំង និយាយ ថាខ្លួនកំពុងរង់ចាំព័ត៌មានលម្អិតពីទីក្រុងវ៉ាស៊ីនតោន អំពីសំណើបទឈប់បាញ់នេះ៕