Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រមុខរបបសឹកមីយ៉ាន់ម៉ា ថារុស្ស៉ីនឹងទទួលជ័យជម្នះឆាប់ៗ ក្នុងសង្រ្គាមនៅអ៊ុយក្រែន អំឡុងជំនួបជាមួយ លោក ពូទីន នៅមូស្គូ (Video inside)

05-03-2025 14:35

(មូស្គូ)៖ កាលពីថ្ងៃអង្គារ ទី៤ ខែមីនា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានសាទរការពង្រីកចំណងទាក់ទងជាមួយមីយ៉ាន់ម៉ា អំឡុងជំនួបពិភាក្សាជាមួយ មេដឹកនាំរដ្ឋាភិបាលយោធានៃប្រទេសអាស៊ានមួយនេះ គឺលោក Min Aung Hlaing នៅទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្នុងជំនួបខាងលើ ដែលប្រព្រឹត្តទៅនៅវិមានក្រឹមឡាំង លោក ពូទីន បានប្រាប់លោក Min Aung Hlaing យ៉ាងដូច្នេះថា «ឆ្នាំនេះ យើងអបអរគម្រប់ខួបទី២៥ នៃការចុះហត្ថលេខាលើ សេចក្តីប្រកាសស្តីពីការបង្កើតចំណងមិត្តភាពរវាងប្រទេសយើង។ ទំនាក់ទំនង​រវាងប្រទេសយើងទាំងពីរ កំពុងអភិវឌ្ឍទៅមុខជាលំដាប់»។ លោក ពូទីន ក៏បានប្រកាសដែរថា អង្គភាពយោធាមួយមកពីមីយ៉ាន់ម៉ា នឹងមកចូលរួមក្នុងពិធីព្យុហយាត្រាយោធា នៅទីក្រុងមូស្គូ នាថ្ងៃទី៩ ខែឧសភា ដែលជាខួបទី៨០ នៃជ័យជម្នះសង្រ្គាមលោកលើកទី២ លើរបបណាហ្ស៉ីអាល្លឺម៉ង់ ហើយលោក Min Aung Hlaing ផ្ទាល់ ក៏នឹងមកចូលរួមផងដែរ។

គួរបញ្ជាក់ថា នាឱកាសនោះ ប្រមុខរបបសឹកមីយ៉ាន់ម៉ា បានស្ងើចសរសើរគុណភាព នៃគ្រឿងបរិក្ខារយោធារុស្ស៉ី ដែលប្រទេសរបស់លោក ទទួលបាន និងបាននិយាយថា រូបលោកនៅតែគាំទ្រលោក ពូទីន ក្នុងសង្រ្គាមអ៊ុយក្រែន ហើយជឿជាក់ថា ទីក្រុងមូស្គូ មុខជានឹងទទួលបានជ័យជម្នះ ក្នុងពេលឆាប់ៗ។ អំឡុងទស្សនកិច្ចរបស់លោក Min Aung Hlaing ភាគីទាំងពីរ ក៏បានចុះកិច្ចព្រមព្រៀងស្តីពីការសាងសង់ រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូច នៅមីយ៉ាន់ម៉ាផងដែរ។ សព្វថ្ងៃ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កំពុងប្រឈមការលំបាក ដោយសារបញ្ហាសង្រ្គាមស៉ីវិលនៅក្នុងប្រទេស ខណៈសេដ្ឋកិច្ច បានធ្លាក់ចុះដុនដាបខ្លាំង ហើយ១ភាគ៣ នៃប្រជាជនទាំង៥៥លាននាក់ នៅក្នុងប្រទេសនេះ កំពុងត្រូវការជំនួយ។ មីយ៉ានម៉ា បានធ្លាក់ទៅក្នុងវិបត្តិធ្ងន់ធ្ងរ ចាប់តាំងពីឆ្នាំ២០២១មក នៅពេលយោធាធ្វើរដ្ឋប្រហារផ្តួលរំលំ រដ្ឋាភិបាលរបស់លោកស្រី អោងសាន ស៊ូជី៕