Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្រ្តីអង់គ្លេស មិនទទួលស្គាល់ឡើយថា សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក ត្រាំ គឺជាសម្ព័ន្ធមិត្តដែលមិនអាចជឿទុកចិត្តបាន (Video inside)

03-03-2025 14:38

(ឡុងដ៍)៖ កាលពីថ្ងៃអាទិត្យ ទី២ ខែមីនា នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក Keir Starmer បាននិយាយថា រូបលោកមិនទទួលយកឡើយថា សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ គឺជាសម្ព័ន្ធមិត្តមួយ ដែលមិនអាចជឿទុកចិត្តបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

នៅពេលត្រូវបានសាកសួរអំឡុងសន្និសីទសារព័ត៌មាន នៅទីក្រុងឡុងដ៍ ថាតើសហរដ្ឋអាមេរិកនាពេលនេះ គឺសម្ព័ន្ធមិត្តមួយ ដែលមិនអាចជឿទុកចិត្តបាន ឬយ៉ាងណានោះ លោក Starmer បានឆ្លើយតបយ៉ាងដូច្នេះថា «គ្មាននរណាចង់ឃើញ អ្វីដែលបានកើតឡើង កាលពីថ្ងៃសុក្រសប្តាហ៍មុនឡើយ ប៉ុន្តែខ្ញុំមិនទទួលស្គាល់នោះទេថា អាមេរិកគឺសម្ព័ន្ធមិត្តមិនអាចជឿទុកចិត្តបាន។ អាមេរិកគឺជាសម្ព័ន្ធមិត្តគួរឱ្យជឿទុកចិត្ត សម្រាប់ចក្រភពអង់គ្លេស អស់រយៈពេលច្រើនទសវត្សរ៍មកហើយ ហើយនឹងនៅតែបន្តបែបនោះ។ មិនមានប្រទេស២ណាផ្សេងទៀត ដែលជិតស្និទ្ធនិងត្រូវរ៉ូវគ្នា ដូចជាប្រទេសនិងយោធាយើងទាំងពីរនោះទេ ហើយសន្តិសុខនិងចារកម្មរបស់ពួកយើង គឺជាប់ពាក់ព័ន្ធគ្នា ក្នុងរបៀបមួយ ដែលគ្មានប្រទេស២ណាផ្សេង ដូចឡើយ»

គួរបញ្ជាក់ថា ការអត្ថាធិប្បាយដូចខាងលើរបស់លោកនាយករដ្ឋមន្រ្តីអង់គ្លេស គឺក្រោយពេលប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឈ្មោះប្រកែកគ្នាបែកផ្សែង អំឡុងជំនួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯសេតវិមាន ជុំវិញបញ្ហាសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន៕