Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ្សេលេនស្គីថាទំនាក់ទំនងជាមួយលោក ត្រាំ នៅតែមានផ្លូវស្ដារឡើងវិញ ក្រោយប្រកែកគ្នាបែកផ្សែងនៅសេតវិមាន (Video inside)

01-03-2025 13:09

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃទី២៨ ខែកុម្ភៈបាននិយាយថាទំនាក់ទំនងរបស់លោកជាមួយសហរដ្ឋអាមេរិក នៅតែអាចមានផ្លូវស្ដារឡើងវិញបាន បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានស្រែកខ្លាំងៗដាក់រូបលោកទាំងកំហឹង ក្នុងពេលប្រកែកគ្នាបែកផ្សែងនៅឯសេតវិមាន ជាមួយការចោទថាមេដឹកនាំអ៊ុយក្រែនបានបដិសេធកិច្ចព្រមព្រៀង សន្តិភាពជាមួយរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅពេលត្រូវបានសាកសួរក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News ថាតើទំនាកទំនងរបស់លោកជាមួយលោក ដូណាល់ ត្រាំ អាចសា្ដរឡើងវិញបានដែរឬទេ? លោក ហ្សេលេនស្គី បានឆ្លើយថា ពិតណាស់ វាអាចស្ដារឡើងវិញបាន ដោយបន្ថែមថាអ៊ុយក្រែនត្រូវការការគាំទ្រពីសហរដ្ឋអាមេរិកជាចាំបាច់ ដើម្បីអាចបន្តតស៊ូប្រយុទ្ធប្រឆាំងនឹងរុស្ស៉ី។ ការបន្ទន់ឥរិយាបថរបស់លោក ហ្សេលេនស្គី កើតមានឡើង បន្ទាប់ពីទាស់ទែងពាក្យសម្ដីជាមួយលោក ដូណាល់ ត្រាំ នៅឯសន្និសីទសារព័ត៌មាននៅឯការិយាល័យពងក្រពើនៃសេតវិមាន។

ក្នុងប៉ះសម្ដីគ្នាធ្ងន់ៗ លោក ត្រាំ បាននិយាយថា លោក ហ្សេលេនស្គីគ្មានសន្លឹកបៀរអ្វីទាំងអស់ និងកំពុងយកអាយុជីវិតប្រជាជនរាប់លាននាក់ទៅប្រឡែងលេងជាមួយសង្រ្គាមលោកលើកទី៣។ ចំណែក អនុប្រធានាធិបតីអាមេរិក លោក JD Vance ដែលមានវត្តមានក្នុងសន្នីសីទសារព័ត៌មាននោះដែរ បានចោទប្រកាន់ថាលោក ហ្សេលេនស្គី មិនបានផ្ដល់ការគោរព និងដឹងគុណចំពោះជំនួយរបស់អាមេរិក។ លោក ហ្សេលេនស្គី បានចាកចេញពីសេតវិមានទាំងកណ្ដាលទី ហើយក្រោយមក លោក ត្រាំ បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គមថាលោក ហ្សេលេនស្គីអាចត្រឡប់ទៅកាន់សេតវិមានជាថ្មី នៅពេលត្រៀមខ្លួនរួចរាល់ដើម្បីសន្តិភាព។

គួរបញ្ជាក់ថា លោក ហ្សេលេនស្គី បានធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ដើម្បីពិភាក្សា និងចុះកិច្ចព្រមព្រៀងរ៉ែកម្រជាមួយលោក ត្រាំ។ ប៉ុន្តែ គម្រោងចុះកិច្ចព្រមព្រៀងត្រូវបានលុបចោល ហើយលោក ហ្សេលេនស្គី នៅតែទទូចដដែលថាកិច្ចព្រមព្រៀងរ៉ែកម្រត្រូវតែមានបញ្ចូលផងដែរនូវការធានាសន្តិសុខរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន ជាការធានាមួយដែលសហរដ្ឋអាមេរិក ក្រោមអាណត្តិ របស់លោក ត្រាំ កំពុងគេចវេស គិតមកទល់ពេលនេះ៕