Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អធិការបតីអាល្លឺម៉ង់៖ លោក ត្រាំ ហៅលោក ហ្សេលេនស្គីថាជនផ្ដាច់ការ ជារឿងខុសឆ្គង និងគ្រោះថ្នាក់ (Video inside)

20-02-2025 09:53

(បែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz កាលពីថ្ងៃពុធ ទី១៩ ខែកុម្ភៈ បាននិយាយថាវាជាកំហុសឆ្គង និងគ្រោះថ្នាក់ ដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហៅ មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថាជាជនផ្ដាច់ការ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ថ្លែងទៅកាន់កាសែតអាល្លឺម៉ង់ Spiegel លោក Scholz បានគូសបញ្ជាក់បន្ថែមដូច្នេះថា «អ្វីដែលត្រឹមត្រូវ នោះគឺថាលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី គឺជាមេដឹកនាំជាប់ឆ្នោតរបស់អ៊ុយក្រែន»។ ការកត់សម្គាល់បែបនេះរបស់លោក Scholz ធ្វើឡើង បន្ទាប់ពីកាលពីថ្ងៃពុធនោះដែរ លោក ដូណាល់ ត្រាំ បានហៅលោក ហ្សេលេនស្គីថាជាជនផ្ដាច់ការដោយគ្មានការបោះឆ្នោត។ អាណត្តិជា ប្រធានាធិបតីអ៊ុយក្រែនមានរយៈពេល ៥ឆ្នាំរបស់លោក ហ្សេលេនស្គី ត្រូវបានសន្មត់ថាបានផុតកំណត់កាលពីឆ្នាំ២០២៤។

ប៉ុន្តែ ការបោះឆ្នោតប្រធានាធិបតី និងសភា មិនអាចធ្វើទៅកើតទេ ក្នុងពេលដែលអ៊ុយក្រែនកំពុងប្រើប្រាស់ច្បាប់អាជ្ញាសឹក ដែលលោក ហ្សេលេនស្គីប្រកាសដាក់ឱ្យប្រើកាលពីខែកុម្ភៈ ឆ្នាំ២០២២ ជាការឆ្លើយតបទៅនឹងការឈ្លានពានពីរុស្ស៉ី។ លោក Scholz ក៏បានទទួលស្គាល់ការពិតនេះដែរថាការបោះឆ្នោតដ៏ត្រឹមត្រូវមួយមិនអាចធ្វើឡើងបានអំឡុងពេលសង្រ្គាម ហើយវា គឺឆ្លុះបញ្ចាំងពីរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោតរបស់អ៊ុយក្រែន។

គួរបញ្ជាក់ថា ក្រៅតែហៅលោក ហ្សេលេនស្គីថាជនផ្ដាច់ការ លោក ត្រាំ ក៏បានជំរុញឱ្យមេដឹកនាំអ៊ុយក្រែនរូបនេះប្រញាប់ចរចាស្វែងរកសន្តិភាពជាមួយរុស្ស៉ីផងដែរ បើមិនចង់បានបាត់បង់ ប្រទេសទាំងមូលទេនោះ៕