ការប្រយុទ្ធគ្នារវាងរុស្ស៉ី និងអ៊ុយក្រែននៅភាគខាងកើត កាន់តែខ្លាំងក្លា ចំពោះមុខផែនការបញ្ចប់សង្រ្គាម (Video inside)
17-02-2025 11:11
(កៀវ)៖ បើតាមយោធាអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ កងទ័ពរុស្ស៉ីបានបង្កើនការវាយលុយយ៉ាងខ្លាំងក្លា លើភាគខាងកើតប្រទេស ស្របពេលដែលមានការព្យាករពីមន្ត្រីអង្គការណាតូថា ទីក្រុងមូស្គូចង់បង្កើនល្បឿន និងកម្លាំងវាយប្រហាររបស់ខ្លួន ដំណាលគ្នានឹងលទ្ធភាពនៃការបញ្ចប់សង្រ្គាម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ ២០២៥។
ការវាយប្រហារធំៗ កើតមានឡើងនៅជិតទីក្រុងមជ្ឈមណ្ឌលភស្តុភារ Pokrovsk ខណៈក្រុមមន្ត្រីអាមេរិក និងរុស្ស៉ី គ្រោងជួបចរចាគ្នា នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នាប៉ុន្មានថ្ងៃខាងមុខ។ យោធាអ៊ុយក្រែន បានរាយការណ៍ថា មានការប្រយុទ្ធគ្នា ២៦១លើកជាមួយរុស្ស៉ី ក្នុងរយៈពេល ២៤ម៉ោងកាលពីថ្ងៃសៅរ៍ ដែលជាចំនួនច្រើនបំផុតក្នុងឆ្នាំនេះ។ គិតត្រឹមល្ងាចថ្ងៃអាទិត្យ ការប្រយុទ្ធគ្នាបានកើតឡើងនៅ ៣៨ទីតាំងនៃទីក្រុង Pokrovsk។ យោធារុស្ស៉ីកាលពីថ្ងៃសៅរ៍ ក៏បានអះអាងផងដែរពីការចាប់យកបានភូមិ Berezivka នៅភាគឦសានទីក្រុង Pokrovsk។
គួរបញ្ជាក់ថា កងទ័ពរុស្ស៉ី បានរុលទៅមុខជាលំដាប់នៅភាគខាងកើតអ៊ុយក្រែន ពិសេសពេលចូលដល់ពាល់កណ្តាលឆ្នាំ ២០២៤ ដោយដណ្តើមបានភូមិជាបន្តបន្ទាប់ ទោះបីជាការប្រយុទ្ធធ្លាក់ចុះខ្លះ នៅក្នុងខែមករាឆ្នាំនេះក៏ដោយ៕