Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ដូណាល់ ត្រាំ ថារុស្ស៉ីគួរតែត្រឡប់មកចូលក្រុមប្រទេស G7 វិញ (Video inside)

14-02-2025 14:17

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកចង់ឃើញ រុស្ស៉ីវិលត្រឡប់មកកាន់ក្រុមប្រទេស G7 វិញ ហើយការបណ្តេញទីក្រុងមូស្គូ គឺជាកំហុសមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។

រុស្ស៉ីធ្លាប់ជាសមាជិកនៃក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿន G7 ដែលកាលនោះ ត្រូវបានស្គាល់ថាជា G8 រហូតទាល់តែទីក្រុងមូស្គូ ត្រូវបាន​បណ្តេញចេញ បន្ទាប់ពីរុស្ស៉ីបានក្រសោបយក តំបន់ឧបទ្វីបគ្រីមៀរបស់អ៊ុយក្រែន កាលពីឆ្នាំ២០១៤។ លោក ត្រាំ បាននិយាយដូច្នេះថា «ខ្ញុំឱ្យពួកគេ (រុស្ស៉ី) ត្រឡប់មកវិញ។ ខ្ញុំយល់ថា វាគឺជាកំហុសមួយ ក្នុងការបណ្តេញពួកគេចេញ។ វាមិនពាក់ព័ន្ធជាមួយរឿងចូលចិត្ត ឬមិនចូលចិត្តរុស្ស៉ីនោះទេ ព្រោះវាដំបូងឡើយគឺជា G8»

គួរបញ្ជាក់ថា ភ្លាមៗនេះ មិនទាន់មានការចេញប្រតិកម្មឆ្លើយតបនៅឡើយទេ ចំពោះការអត្ថាធិប្បាយរបស់លោក ត្រាំ ពីសំណាក់ កាណាដាដែលជាប្រធាន G7 ឆ្នាំនេះ។ ក្រៅពីអាមេរិក និងកាណាដា សមាជិក G7 ដទៃទៀត រួមមានបារាំង ចក្រភពអង់គ្លេស អាល្លឺម៉ង់ ជប៉ុន និងអ៉ីតាលី៕