Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រុស្ស៊ី ច្រានចោលលទ្ធភាពនៃការដោះដូរទឹកដី ជាមួយអ៊ុយក្រែន (Video inside)

12-02-2025 20:32

(មូស្គូ)៖ វិមានក្រឹមឡាំង នៅថ្ងៃពុធនេះ បានចេញមកច្រានចោលយ៉ាងដាច់អហង្ការ នូវលទ្ធភាពណាមួយក្នុងការដោះដូរទឹកដីដែលខ្លួនកាន់កាប់នៅក្នុងប្រទេសអ៊ុយក្រែន សម្រាប់ផ្នែកខ្លះនៃតំបន់ Kursk របស់រុស្ស៊ី ដែលបច្ចុប្បន្នកំពុងកាន់កាប់ដោយកងកម្លាំងអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការប្រកាសនេះកើតឡើង បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានលើកឡើងនៅក្នុងបទសម្ភាសន៍មួយ ជាមួយកាសែត The Guardian អំពីលទ្ធភាពនៃការផ្តល់ជូនរុស្ស៊ី នូវការដោះដូរទឹកដីដោយផ្ទាល់ដើម្បីបញ្ចប់សង្រ្គាម។ លោក Zelenskiy បានស្នើឱ្យមានការដោះដូរផ្នែកខ្លះ នៃតំបន់ Kursk ដែលកាន់កាប់ដោយអ៊ុយក្រែន សម្រាប់ទឹកដីអ៊ុយក្រែនដែលរុស្ស៊ីកាន់កាប់។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានច្រានចោលសំណើនេះយ៉ាងដាច់ខាត ដោយថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា «នេះមិនអាចទៅរួចទេ។ រុស្ស៊ីមិនដែលពិភាក្សាទេ ហើយនឹងមិនពិភាក្សាអំពីការដោះដូរទឹកដីរបស់ខ្លួនឡើយ»។

លោក Peskov បានបញ្ជាក់បន្ថែមថា កងកម្លាំងរុស្ស៊ីនឹងបណ្តេញកងកម្លាំងអ៊ុយក្រែនចេញពីតំបន់ Kursk។ ការលើកឡើងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រធានាធិបតី Vladimir Putin ដែលបានប្រកាសនៅក្នុងកម្មវិធីសំណួរចម្លើយប្រចាំឆ្នាំតាមទូរទស្សន៍កាលពីខែធ្នូថា កងទ័ពរុស្ស៊ីនឹងដណ្តើមយកតំបន់ Kursk មកវិញ ទោះបីជាមិនបានបញ្ជាក់ពីពេលវេលាក៏ដោយ៕