Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

UN ប៉ាន់ស្មានថា ថវិកាយ៉ាងហោច៥៣ពាន់លានដុល្លារ ចាំបាច់សម្រាប់ការស្ថាបនាតំបន់ហ្កាហ្សា ឡើងវិញ

12-02-2025 13:57

(យូអិន)៖ កាលពីថ្ងៃអង្គារ ទី១១ ខែកុម្ភៈ អង្គការសហប្រជាជាតិ (UN) បាននិយាយថា ថវិកាយ៉ាងហោច៥៣ពាន់លានដុល្លារ នឹងចាំបាច់ដើម្បីសាងសង់តំបន់ហ្កាហ្សាឡើងវិញ ហើយបញ្ចប់គ្រោះមហន្តរាយមនុស្សធម៌ នៅក្នុងដែនដីដែលហែកហួរដោយសារសង្រ្គាមមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

របាយការណ៍មួយរបស់ UN បានបន្តថា ក្នុងចំណោមនោះ ថវិកាប្រហែល២០.៥ពាន់លានដុល្លារ គឺចាំបាច់សម្រាប់រយៈពេល​៣ឆ្នាំដំបូង ខណៈការប៉ាន់ប្រមាណនេះ គឺជាវាយតម្លៃបឋមប៉ុណ្ណោះ។ យោងតាមរបាយការណ៍ដដែល ផ្ទះសម្បែងជាង៦០ភាគរយ ត្រូវបានបំផ្លិចបំផ្លាញ ក្នុងសង្រ្គាមរយៈពេល១៥ខែ រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ដោយវិស័យលំនៅដ្ឋាន ត្រូវការខ្ទង់ ១៥.២ពាន់លានដុល្លារ។ ក្រៅពីនេះ វិស័យពាណិជ្ជកម្មនិងឧស្សាហកម្ម ត្រូវការ៦.៩ពាន់លានដុល្លារ, វិស័យដឹកជញ្ជូនត្រូវការ ២.៩ពាន់លានដុល្លារ, ទឹកនិងអនាម័យ ត្រូវការ២.៧ពាន់លានដុល្លារ, វិស័យអប់រំ ត្រូវការ២.៦ពាន់លានដុល្លារ និងបរិស្ថាន ត្រូវការជិត ២ពាន់លានដុល្លារ។

គួរបញ្ជាក់ថា របាយការណ៍ខាងលើរបស់ UN ត្រូវបានចុះកាលបរិច្ឆេទ តាំងតែពីថ្ងៃទី៣០ ខែមករា ពោលគឺតាំងពីមុនពេល ប្រធានាធបិតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា រូបលោកចង់គ្រប់គ្រងហ្កាហ្សា ហើយអភិវឌ្ឍដែនដីនេះឡើងវិញ និងជម្លៀសជនជាតិប៉ាឡេស្ទីនជាង ២លាននាក់ ចេញពីទីនោះ។ ផែនការរបស់លោក បានរងការរិះគន់យ៉ាងខ្លាំងជាសកល និងត្រូវបានច្រានចោល ដោយប៉ាឡេស្ទីនផ្ទាល់៕