Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អង្គការឃ្លាំមើលអន្តរជាតិព្រមានថា អំពើពុករលួយគំរាមកំហែង ដល់សកម្មភាពដោះស្រាយបញ្ហាអាកាសធាតុសកល

11-02-2025 15:06

(បែរឡាំង)៖ អង្គការ​តម្លាភាព​អន្តរជាតិ ​បាន​ព្រមាន​ក្នុង​របាយការណ៍​មួយ​ចេញផ្សាយ នាថ្ងៃ​អង្គារ​ ទី១១ កុម្ភៈ ថា អំពើពុករលួយកំពុង​គំរាម​កំហែង​ដល់​កិច្ចសហប្រតិបត្តិការ​សកល​ ក្នុងការងារដោះស្រាយ​បញ្ហាបម្រែបម្រួល​អាកាសធាតុ។ នេះបើយោងតា​មការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

សន្ទស្សន៍នៃការយល់ឃើញចំពោះអំពើពុករលួយ សម្រាប់ឆ្នាំ ២០២៤ បង្ហាញថា ប្រទេសជាច្រើនដែលពាក់ព័ន្ធ នឹងសកម្មភាពអាកាសធាតុ ទាំងក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាកាសធាតុ របស់អង្គការសហប្រជាជាតិ (UN) ឬដោយសារតែពួកគេមានហានិភ័យខ្ពស់ពីការឡើងកំដៅគឺ «ទទួលបានពិន្ទុមិនល្អ ឬអាក្រក់ជាងពីមុន»

នាយកប្រតិបត្តិអង្គការតម្លាភាពអន្តរជាតិ លោកស្រី Maira Martini បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា «កម្លាំងនៃអំពើពុករលួយ ដែលមិនត្រឹមតែមានជាសកម្មភាពប៉ុណ្ណោះទេ ប៉ុន្តែជារឿយៗត្រូវបានគេមើលឃើញ តាមរយៈគោលនយោបាយ និងការត្រួតពិនិត្យលើតុល្យភាព។ យើងត្រូវតែលុបបំបាត់អំពើពុករលួយជាបន្ទាន់ មុនពេលវាបំផ្លាញដល់សកម្មភាពអាកាសធាតុទាំងស្រុង»

តាមការចាត់ថ្នាក់វាយតម្លៃលើហានិភ័យនៃអំពើពុករលួយ ក្នុងវិស័យសាធារណៈសម្រាប់ប្រទេសនីមួយៗ លើមាត្រដ្ឋានពីសូន្យដល់ ១០០ ប្រទេស​ដែល​ប្រឈម​នឹងការ​ប្រែប្រួល​អាកាសធាតុ​ខ្លាំង​បំផុត ដូចជាស៊ូដង់​ខាង​ត្បូង សូម៉ាលី និង​វេណេស៊ុយអេឡា ​មាន​ពិន្ទុតិចជាងគេបំផុត។ បន្ទាប់មក​ គឺប្រេស៉ីល និងអាស៊ៃបៃហ្សង់។ រីឯ ប្រទេសអ្នកមាន ដែលជារឿយៗបានដើរតួនាំមុខគេ ក្នុងកិច្ចពិភាក្សាស្តីពីអាកាសធាតុ រួមមានកាណាដា នូវែលសេឡង់ និងសហរដ្ឋអាមេរិក ពិន្ទុក៏បានធ្លាក់ចុះផងដែរ​៕