ឥណ្ឌូណេស៉ី ចាប់ផ្តើមកម្មវិធីផ្តល់សេវាពិនិត្យសុខភាពឥតគិតថ្លៃដល់ប្រជាជន ដើម្បីជួយទប់ស្កាត់ការស្លាប់មុនអាយុ (Video inside)
10-02-2025 13:47
(ហ្សាការតា)៖ នៅថ្ងៃចន្ទនេះ ប្រទេសឥណ្ឌូណេស៉ី បានចាប់ផ្តើមកម្មវិធីផ្តល់សេវាពិនិត្យសុខភាពដោយឥតគិតថ្លៃ មួយឆ្នាំម្តង ដែលជាគំនិតផ្តួចផ្តើមមួយ ចំណាយថវិកាប្រមាណ ៣ទ្រីលានរូពីឥណ្ឌូណេស៉ី (ជាង១៨៣លានដុល្លារ) ដើម្បីជួយទប់ស្កាត់ ការស្លាប់មុនអាយុ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្រសួងសុខាភិបាលឥណ្ឌូណេស៉ី បានឱ្យដឹងថា នៅក្រោមកម្មវិធីខាងលើ ប្រជាជនឥណ្ឌូណេស៉ីទាំងអស់ ទីបំផុតនឹងមានសិទ្ធិ ដើម្បីទទួលបានការពិនិត្យសុខភាពដោយឥតគិតថ្លៃ នៅថ្ងៃកំណើតរបស់ពួកគេ ហើយការពិនិត្យនេះ ដែលមិនមែនជាកាតព្វកិច្ចឡើយនោះ រួមមានដូចជា ការធ្វើតេស្តសម្ពាធឈាម ការធ្វើតេស្តដើម្បីរកហានិភ័យជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ព្រមទាំងការធ្វើតេស្តភ្នែក។
គួរបញ្ជាក់ថា បើតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក ជំងឺចម្បងៗដែលនាំទៅរកការស្លាប់ នៅក្នុងប្រទេសឥណ្ឌូណេស៉ី ដែលជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទី៤ លើពិភពលោក រួមមានដូចជាជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង និងជំងឺរបេង ជាដើម។ រដ្ឋមន្រ្តីសុខាភិបាលឥណ្ឌូណេស៉ី លោក Budi Gunadi Sadikin បាននិយាយថា កម្មវិធីនេះ មានចេតនា ចង់ជួយលើកកម្ពស់ការថែទាំសុខភាពបង្ការទុកជាមុន ដោយសារប្រជាជនឥណ្ឌូណេស៉ីភាគច្រើន តែងទៅពិនិត្យសុខភាព ទាល់តែពួកគេ មានជំងឺឬបញ្ហាសុខភាព រួចស្រេចទៅហើយ៕