Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋសភាហ្វីលីពីន អនុម័តសេចក្តីព្រាងចោទប្រកាន់ដកតំណែង អនុប្រធានាធិបតី Sara Duterte (Video inside)

05-02-2025 16:37

(ម៉ានីល)៖ សេចក្តីព្រាងច្បាប់មួយ ស្តីពីការចោទប្រកាន់ដកតំណែង អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte ទទួលបានការគាំទ្រពីសមាជិកសភាជាន់ទាប (រដ្ឋសភា) ក្នុងសំលេងច្រើនជាងមួយភាគបី ដោយវានឹងត្រួសត្រាយផ្លូវ ឆ្ពោះទៅរកការសម្រេច នៅក្នុងព្រឹទ្ធសភា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ ២០២៥។

អគ្គលេខាធិការរដ្ឋសភា លោក Reginald Veslasco បានប្រាប់អ្នកកាសែតថា សមាជិកសភា២១៥នាក់ ក្នុងចំណោម ៣០៦នាក់ បានផ្តល់ការគាំទ្រចំពោះសេចក្តីព្រាងខាងលើ។ ដោយឡែក មូល​ហេតុ​នៃ​ការ​ចោទ​ប្រកាន់​ មិន​ទាន់​ច្បាស់​លាស់​ទេ។ កន្លងមក លោកស្រី Duterte បាន​បដិសេធ​​ប្រព្រឹត្ត​ខុស និង​បានចាត់ទុក ចំណាត់ការលើ​លោកស្រី​ថា ​ជា​ការ​សងសឹក​ផ្នែក​នយោបាយ។

សេចក្តីព្រាងចោទប្រកាន់ នឹងត្រូវបញ្ជូនទៅព្រឹទ្ធសភា ដែលសមាជិកព្រឹទ្ធសភា ២៣រូប នឹងត្រូវធ្វើជាគណៈវិនិច្ឆ័យ ក្នុងដំណើរការនីតិវិធី ដែលអាចនាំទៅដល់ការដកតំណែង លោកស្រី Sara Duterte និងការដកសិទ្ធិមិនឱ្យកាន់តំណែង ក្នុងរដ្ឋាភិបាល អស់មួយជីវិត។

គួរបញ្ជាក់ថា សំណើចោទប្រកាន់ដកដំណែងលោកស្រី Sara Duterte បានកើតឡើង ចំពេលមានជម្លោះដ៏ជូរចត់ រវាងលោកស្រី និងប្រធានាធិបតី លោក Ferdinand Marcos Jr ដែលបានលេចឡើងជាសាធារណៈ បន្ទាប់ពីការដួលរលំ នៃសម្ព័ន្ធភាពដ៏មានឥទ្ធិពល រវាងគ្រួសាររបស់ពួកគេ ដែលបាននាំឱ្យអ្នកទាំងពីរ ទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោត កាលពីឆ្នាំ២០២២៕