Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វៀតណាម ត្រៀមបើកកិច្ចពិភាក្សាជាមួយដៃគូអន្តរជាតិ ស្តីពីគម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ (Video inside)

04-02-2025 19:09

(ហាណូយ)៖ រដ្ឋាភិបាលវៀតណាម នៅថ្ងៃអង្គារនេះបានប្រកាសថា ខ្លួននឹងបើកកិច្ចពិភាក្សាជាមួយដៃគូអន្តរជាតិនៅក្នុងខែនេះ ដើម្បីពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍រោងចក្រថាមពលនុយក្លេអ៊ែរ ចំនួនពីរនៅក្នុងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៤ ខែកុម្ភៈ ឆ្នាំ ២០២៥។

រដ្ឋាភិបាលបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីរដ្ឋ EVN និងក្រុមហ៊ុនប្រេងនិងឧស្ម័ន PetroVietnam នឹងទទួលបន្ទុកក្នុងការអភិវឌ្ឍគម្រោងនេះ។

ដៃគូអន្តរជាតិដែលវៀតណាមនឹងពិភាក្សាជាមួយ រួមមានរុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង បារាំង និងសហរដ្ឋអាមេរិក។ ការសម្រេចចិត្តនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការថាមពល ដែលកំពុងកើនឡើងនៅក្នុងប្រទេស។

វៀតណាម ធ្លាប់បានអនុម័តផែនការ អភិវឌ្ឍរោងចក្រថាមពលនុយក្លេអ៊ែរ កាលពីឆ្នាំ ២០០៩ ប៉ុន្តែគម្រោងនេះត្រូវបានពន្យារពេល ដោយសារបញ្ហាថវិកា និងគ្រោះមហន្តរាយនុយក្លេអ៊ែរ Fukushima នៅប្រទេសជប៉ុន។ ប៉ុន្តែក្នុងបរិបទបច្ចុប្បន្នដែលតម្រូវការថាមពលកំពុងកើនឡើង វៀតណាមបានសម្រេចចិត្តបន្តគម្រោងនេះ។

រោងចក្រថាមពលនុយក្លេអ៊ែរទាំងពីរនឹងត្រូវសាងសង់នៅខេត្ត Ninh Thuan ដោយមានការចូលរួមពីក្រុមហ៊ុនរុស្ស៊ី និងជប៉ុន។ គម្រោងនេះត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅចុងឆ្នាំ ២០៣១ ហើយនឹងជួយឱ្យវៀតណាមបំពេញតម្រូវការថាមពល និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច៕