ទីក្រុងកៀវព្រមានប្រឆាំង ការចរចាសន្តិភាពរវាងលោក ត្រាំ និងលោក ពូទីន ដោយគ្មានអឺរ៉ុបនិងអ៊ុយក្រែន (Video inside)
25-01-2025 11:55
(កៀវ)៖ កាលពីថ្ងៃសុក្រ ទី២៤ ខែមករា ទីក្រុងកៀវបានព្រមានប្រឆាំងនឹង ការចរចាគ្នាស្តីពីសង្រ្គាមអ៊ុយក្រែន រវាងសហរដ្ឋអាមេរិក និងរុស្ស៉ី ដោយមិនមានវត្តមានអ៊ុយក្រែនផ្ទាល់ ហើយនិងអឺរ៉ុប នៅក្នុងដំណើរការនោះ បន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា រូបលោកត្រៀមខ្លួនរួចរាល់ ដើម្បីជួបពិភាក្សាជាមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ប្រធានខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែន លោក Andriy Yermak បាននិយាយដូច្នេះថា «លោក ពូទីន ចង់ចរចាជោគវាសនារបស់អឺរ៉ុប ដោយមិនមានអឺរ៉ុប ហើយចង់ចរចាអំពីអ៊ុយក្រែន ដោយគ្មានអ៊ុយក្រែន។ រឿងនេះនឹងមិនអាចកើតឡើងដាច់ខាត។ លោក ពូទីន ចាំបាច់ត្រូវភ្ញាក់ខ្លួនត្រឡប់មករកការពិតវិញ បើមិនដូច្នោះទេ លោកនឹងត្រូវគេដាស់ឱ្យភ្ញាក់ខ្លួន។ នេះមិនមែនជារបៀបរបបដំណើរការ នៅក្នុងពិភពលោកសម័យទំនើបឡើយ»។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ លោក ពូទីន បាននិយាយថា លោកនិងលោក ត្រាំ គួរតែជួបមុខគ្នា ដើម្បីជជែកអំពីសង្រ្គាមអ៊ុយក្រែន ក្រោយលោក ត្រាំ បានបង្ហាញឆន្ទៈដូចគ្នា។ យ៉ាងណាមិញ លោកប្រធានាធិបតីរុស្ស៉ី បានបន្តថា វាមិនអាចមានកិច្ចចរចាសន្តិភាព ដែលប្រាកដប្រជាជាមួយអ៊ុយក្រែនឡើយ លុះត្រាដែលលោកខាងលិច ជំរុញឱ្យប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី លុបចោលក្រឹតមួយកាលពីឆ្នាំ២០២២វិញ ដែលហាមឃាត់លោក ហ្សេលេនស្គី មិនឱ្យចរចាជាមួយ លោក ពូទីន។ លោក ហ្សេលេនស្គី បានចោទប្រកាន់ថា លោក ពូទីន ថា កំពុងព្យាយាមកេងចំណេញលើ កិច្ចប្រឹងប្រែងរបស់លោក ត្រាំ ក្នុងការសម្រេចឱ្យបានសន្តិភាព សម្រាប់អ៊ុយក្រែន៕