UN៖ ៣ថ្ងៃនៃបទឈប់បាញ់អ៉ីស្រាអែល-ហាម៉ាស មានរថយន្តដឹកជំនួយមនុស្សធម៌ជាង ២ ៤០០គ្រឿង ចូលដល់តំបន់ហ្កាហ្សា (Video inside)
22-01-2025 10:55
(យូអិន)៖ មន្រ្តីជាន់ខ្ពស់មួយរូបរបស់អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា រថយន្តដឹកជំនួយមនុស្សធម៌ជិត ៩០០គ្រឿងទៀតបានចូលទៅក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដែលជានៅថ្ងៃទី ៣ នៃបទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ដោយនាំឱ្យចំនួនសរុបកើនឡើងដល់ ២ ៤០០គ្រឿង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ ២០២៥។
លោក Muhannad Hadi ដែលជាមន្ត្រីជាន់ខ្ពស់ UN ទទួលបន្ទុកផ្នែកជំនួយសម្រាប់តំបន់ហ្កាហ្សា និង West Bank ក៏បានឱ្យដឹងដែរថា មានឧប្បត្តិហេតុលួចយកតិចតួចប៉ុណ្ណោះ រយៈពេលបីថ្ងៃកន្លងមក ប៉ុន្តែមិនដូចពីមុនទេ។ លោកប្រាប់ក្រុមអ្នកយកព័ត៌មាន ដូច្នេះថា «វាមិនមែនជាឧក្រិដ្ឋកម្មរៀបចំទេ។ មានតែក្មេងៗខ្លះលោតពីឡើងលើឡាន ដើម្បីព្យាយាមដណ្តើមយកញ្ចប់អាហារ ហើយខ្លះទៀតព្យាយាមយកទឹកដប។ សង្ឃឹមថាពីរទៅបីថ្ងៃទៀត នឹងលែងមានសកម្មភាពបែបនេះ គឺពេលដែលប្រជាជនហ្កាហ្សាដឹងថា យើងមានជំនួយគ្រប់គ្រាន់សម្រាប់ពួកគេទាំងអស់គ្នា»។
តាមការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ UN រថយន្តដឹកជំនួយមនុស្សធម៌ចំនួន ៨៩៧គ្រឿង បានចូលក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃអង្គារ។ ចំនួននេះគឺច្រើនជាងមុន បើប្រៀបធៀបនឹង ៦៣០គ្រឿងនៅថ្ងៃអាទិត្យ និង ៩១៥គ្រឿងនៅថ្ងៃចន្ទ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងតម្រូវឱ្យរថយន្តដឹកទំនិញយ៉ាងតិច ៦០០គ្រឿងចូលក្នុងតំបន់ហ្កាហ្សាជារៀងរាល់ថ្ងៃ នៃបទឈប់បាញ់រយៈពេល ៦សប្តាហ៍ដំបូង រួមទាំង ៥០គ្រឿងដែលដឹកប្រេងឥន្ធនៈ។ ពាក់កណ្តាលនៃរថយន្តជំនួយទាំងនោះ ត្រូវបានគេសន្មត់ថា ទៅកាន់ភាគខាងជើងតំបន់ ជាកន្លែងដែលអ្នកជំនាញព្រមានថាជិតមានគ្រោះទុរភិក្ស៕