Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ីស្រាអែល បើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំ នៅតំបន់ West Bank សម្លាប់ប្រជាជនប៉ាឡេស្ទីនជាច្រើននាក់ (Video inside)

21-01-2025 22:07

(យេរូហ្សាឡឹម)៖ កងកម្លាំងសន្តិសុខអ៊ីស្រាអែល នៅថ្ងៃអង្គារនេះបានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំមួយ នៅក្នុងទីក្រុង Jenin តំបន់ West Bank ដោយបានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ៨នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥។

ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក បានប្រកាសដកទណ្ឌកម្មលើអ្នកតាំងលំនៅអ៊ីស្រាអែល និងបន្ទាប់ពីមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu បានបញ្ជាក់ថា ប្រតិបត្តិការនេះ គឺដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ ដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងតំបន់ West Bank។ លោកបាននិយាយដូច្នេះថា «យើងកំពុងធ្វើសកម្មភាពជាប្រព័ន្ធ និងដោយម៉ឺងម៉ាត់ប្រឆាំងនឹងអ័ក្សអ៊ីរ៉ង់ គ្រប់ទីកន្លែងដែលវាពង្រីកដៃជើងរបស់ខ្លួន»

យោធាអ៊ីស្រាអែល បានបញ្ជូនទាហាន ប៉ូលិស និងសេវាស៊ើបការណ៍សម្ងាត់ ទៅកាន់ទីក្រុង Jenin ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហាម៉ាស់ និងក្រុមជីហាតអ៊ីស្លាម ខណៈក្រុមហាម៉ាសបានអំពាវនាវឱ្យប្រជាជនប៉ាឡេស្ទីននៅតំបន់ West Bank ប្រយុទ្ធប្រឆាំងនឹងអ៊ីស្រាអែល។

គួរបញ្ជាក់ថា ប្រតិបត្តិការនេះបានបង្កើនភាពតានតឹងនៅក្នុងតំបន់ West Bank និងបង្កការព្រួយបារម្ភអំពីការកើនឡើងនៃអំពើហិង្សា។ អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យភាគីទាំងអស់រក្សាភាពស្ងៀមស្ងាត់ និងចៀសវាង ការប្រើប្រាស់អំពើហិង្សា៕