ចិនប្រហារជីវិតបុរសម្នាក់ ដែលបានបើករថយន្តបំបុកសម្លាប់មនុស្ស៣៥នាក់ កាលពីឆ្នាំមុន (Video inside)
20-01-2025 14:20
(ប៉េកាំង)៖ នៅថ្ងៃចន្ទនេះ ចិនបានប្រហារជីវិតបុរសម្នាក់ ដែលបានផ្តាច់ជីវិតមនុស្សចំនួន៣៥នាក់ ក្នុងសកម្មភាពបើករថយន្តបំបុក នៅឯទីក្រុង Zhuhai ភាគខាងត្បូងប្រទេស កាលពីខែវិច្ឆិកា ឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានរាយការណ៍ថា «តុលាការនៅទីក្រុង Zhuhai ទើបតែបានអនុវត្តការប្រហារជីវិតលើ លោក Fan Weiqiu ដោយអនុលោមតាមបទបញ្ជាប្រហារជីវិត ដែលចេញដោយតុលាការកំពូល»។ បុរសរូបនោះ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសប្រហារជីវិត កាលពីចុងខែធ្នូ ឆ្នាំ២០២៤។
គួរបញ្ជាក់ថា សកម្មភាពបើករថយន្តបំបុកនោះ បានកើតឡើងនៅមជ្ឈមណ្ឌលហាត់កីឡាមួយកន្លែង ហើយបើតាមយោងទៅតាមសាលក្រមរបស់តុលាការ បុរសខាងលើ បានធ្វើយ៉ាងដូច្នោះ ដើម្បីបញ្ចេញកំហឹងរបស់ខ្លួន បន្ទាប់ពីមិនសប្បាញចិត្ត ជុំវិញលទ្ធផលនៃការលែងលះជាមួយប្រពន្ធ។ ក្រៅពីមនុស្ស៣៥នាក់ស្លាប់ នៅមានជនរងគ្រោះ៤៣នាក់ទៀត ទទួលរងរបួស ខណៈវាគឺជាករណីវាយប្រហារដ៏ប្រល័យបំផុតមួយ ក្នុងប្រវត្តិសាស្រ្តសម័យទំនើបនៃប្រទេសចិន៕