Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាមេរិក អះអាងថា​កូរ៉េខាងជើង​បាញ់មីស៊ីល​ផ្លោងមិនបាន​សម្រេច​ជាថ្មីម្តងទៀត​ ក្រោយពី​ទើបបរាជ័យកាល​ពី​សប្តាហ៍មុន​

20-10-2016 09:25

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោង Musudan ដែលមានរយៈចម្ងាយមធ្យម ចំនួនមួយគ្រាប់ទៀត ប៉ុន្តែវាបានបញ្ចប់ទៅដោយមិនបានទទួលជោគជ័យនោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០១៦។

សេចក្តីថ្លែងការណ៍មួយ ចេញដោយទីបញ្ជាការយុទ្ធសាស្រ្តអាមេរិក បានបញ្ជាក់ថា ប្រព័ន្ធស៊ើបការណ៍របស់ខ្លួន ចាប់បានសញ្ញានៃការបាញ់សាកល្បងមីស៊ីលបរាជ័យ នៅម៉ោង ៧៖០០នាទីព្រឹក (ម៉ោងនៅទីក្រុងសេអ៊ូល) ក្បែរទីក្រុង Kusong ភាគពាយ័ព្យនៃ ប្រទេសកូរ៉េខាងជើង ហើយមីស៊ីលនេះត្រូវបានគេសន្មត់ថា ជាមីស៊ីលផ្លោង Musudan ដែលអាចបាញ់បានក្នុងរយៈចម្ងាយមធ្យម។

ជាមួយគ្នានេះដែរ ទីបញ្ជាការការពារដែនអាកាសអាមេរិកខាងជើង ឬហៅកាត់ថា NORAD បានអះអាងថា មីស៊ីលដែលបានបាញ់ចេញពី ប្រទេសកូរ៉េខាងជើងនេះ មិនបានបង្កជាការ គំរាមកំហែងអ្វីដល់តំបន់ អាមេរិកខាងជើង នោះឡើយ។

គួរបញ្ជាក់ដែរថា វាគឺជាលើកទីពីរហើយ នៅក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផង ដែលកូរ៉េខាងជើងបានធ្វើការបាញ់មីស៊ីល Musudan ដែលត្រូវបានគេជឿជាក់ថា មានសមត្ថភាពធ្វើដំណើរទៅដល់កោះហ្គាំ ដែលជាទឹកដីរបស់សហរដ្ឋអាមេរិក។ ចំណែកឯការបាញ់កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ក៏បានបញ្ចប់ដោយភាពបរាជ័យដូចគ្នា ដោយសារតែមីស៊ីលបានផ្ទុះឡើង បន្ទាប់ពីត្រូវបានបាញ់ចេញបានតែបន្តិចប៉ុណ្ណោះ៕