Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រទេសសិង្ហបុរី នឹងដាក់ឱ្យដំណើរការ​រថយន្ដក្រុងគ្មានមនុស្សបើក​ជាលើកដំបូង ដែល​អាចផ្ទុកមនុស្សបាន ៨០នាក់

19-10-2016 15:47

(សិង្ហបុរី)៖ រថយន្ដក្រុងគ្មានមនុស្សបើកបច្ចេកវិទ្យាចុងក្រោយថ្មីមួយ អាចនឹងត្រូវបានដាក់ឱ្យ​ដំណើរការនៅលើដងផ្លូវក្នុងប្រទេសសិង្ហបុរី ក្នុងពេលឆាប់ៗនេះ ក្រោមកិច្ចសាកល្បងដឹកអ្នកដំណើរ ពីសាកលវិទ្យាល័យបច្ចេកវិទ្យា Nanyang ទៅកាន់តំបន់ Clean Tech Park ឬក៏អាចទៅរហូតដល់ស្ថានីយ៍ Pioneer MRT​ ។ នេះបើយោងតាមការចុះផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦។

សាលកវិទ្យាល័យបច្ចេកវិទ្យា Nanyang និងអាជ្ញាធរដឹកជញ្ជូនសិង្ហបុរី ដែលជាអ្នកដឹកនំាគំរោងនេះបានឱ្យដឹងថា «រថយន្ដក្រុងគ្មានមនុស្សបើកដើរដោយថាមពលអគ្គីសនីនេះ មានបណ្ដាយ ១២ម៉ែត្រ អាចផ្ទុកអ្នកដំណើរបានរហូតដល់៨០នាក់ និងត្រូវចរាចរណ៍នៅលើដងផ្លូវ ចាប់ពីសាកលវិទ្យាល័​យ Nanyang ទៅកាន់តំបន់ Clean Tech Pak​ ស្ថិតក្នុងសង្កាត់ Jurong​ ឬអាចធ្វើដំណើររហូតដល់ស្ថានីយ៍ Pioneer MRT នៅពេលអានាគតដ៏ខ្លីខាងមុខនេះ។

បន្ថែមពីលើនេះ រថយន្ដក្រុងខាងលើនេះ​ក៏នឹងមានបំពាក់ផងដែរប្រព័ន្ធបង់ប្រាក់ ដោយស្វ័យប្រវត្តិផងដែរ។ ការអភិវឌ្ឍរបស់សិង្ហបុរីខាងលើនេះ នឹងអាចកាត់បន្ថយការកកស្ទះ​ចរាចរណ៍ ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូនប្រកប​ដោយសុវត្ថិភាពនៅក្នុងប្រទេស ដែលមានផ្ទៃតូចប៉ុន្តែប្រជាជនច្រើន​នាំឲ្យវិស័យដឹកជញ្ជូន​កាន់តែមមាញឹក៕​