ភ្លើងឆេះព្រៃនៅ Los Angeles នៅតែបន្តរាលដាល ខណៈអ្នកពន្លត់អគ្គីភ័យតស៊ូ ក្នុងស្ថានភាពដ៏លំបាក (Video inside)
10-01-2025 19:47
(វ៉ាស៊ីនតោន)៖ ភ្លើងឆេះព្រៃដ៏សាហាវនៅ Los Angeles នៅតែបន្តរាលដាល បើទោះបីជាមានការខិតខំប្រឹងប្រែងសស្រាក់សស្រាំ ពីសំណាក់អ្នកពន្លត់អគ្គីភ័យក៏ដោយ។ ខ្យល់បក់ខ្លាំងបានជំរុញឱ្យអណ្តាតភ្លើង រាលដាលយ៉ាងឆាប់រហ័ស ឆ្លងកាត់ភ្នំនិងលំនៅដ្ឋាន នៅក្នុងទីក្រុង Los Angeles និងតំបន់ជុំវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
មកទល់ពេលនេះ ភ្លើងឆេះព្រៃបានឆាបឆេះសង្កាត់ជាច្រើន ក្នុងទីក្រុង Los Angeles រួមទាំងតំបន់ភ្នំហូលីវូដផងដែរ។ ហេតុការណ៍នេះ បានបណ្តាលឱ្យមនុស្សយ៉ាងតិច ១០នាក់ស្លាប់ និងបំផ្លាញសំណង់ជិត ១០,០០០ ខ្នង។
អ្នកស្រុកមួយចំនួននៅតំបន់ប៉ាស៊ីហ្វិក Palisades បានវិលត្រឡប់មកផ្ទះវិញ ហើយបានរកឃើញទិដ្ឋភាពដ៏រន្ធត់នៃការបំផ្លិចបំផ្លាញ។ ផ្ទះសម្បែងនិងរថយន្ត ត្រូវបានឆេះខ្ទេចខ្ទី។ អ្នកស្រុកម្នាក់បានប្រៀបធៀបទិដ្ឋភាពនេះទៅនឹង «គ្រាប់បែកបរមាណូ»។
គួរបញ្ជាក់ថា ភ្លើងឆេះព្រៃនៅតែបន្តឆាបឆេះនៅកន្លែងជាច្រើន ក្នុងទីក្រុង Los Angeles រួមទាំងតំបន់ភ្នំហូលីវូដ។ ភ្លើង Palisades និងភ្លើង Eaton Fire ត្រូវបានចាត់ទុកថា ជាភ្លើងឆេះព្រៃដែលបំផ្លិចបំផ្លាញបំផុតក្នុងប្រវត្តិសាស្ត្រ Los Angeles។ ទោះបីជាមានការខិតខំប្រឹងប្រែង ក្នុងការពន្លត់ភ្លើងក៏អាជ្ញាធរនៅតែព្រួយបារម្ភ អំពីស្ថានភាពដែលអាចនឹងកាន់តែអាក្រក់ទៅៗដោយសារខ្យល់ខ្លាំង៕