Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណបក្សរបស់នាយករដ្ឋមន្រ្តីកាណាដា នឹងជ្រើសរើសមេដឹកនាំថ្មី នៅខែមីនា ក្រោយលោក Trudeau ប្រកាសលាលែងពីតំណែង

10-01-2025 14:37

(អូតាវ៉ា)៖ គណបក្ស Liberal Party របស់នាយករដ្ឋមន្រ្តីកាណាដា​ ដែលនឹងចាកចេញពីតំណែង គឺលោក Justin Trudeau បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ថា ខ្លួននឹងជ្រើសរើសមេដឹកនាំថ្មី នាថ្ងៃទី៩ ខែមីនា មុនការបោះឆ្នោតសកលឆ្នាំនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កាលពីថ្ងៃចន្ទសប្តាហ៍នេះ លោក Trudeau បានប្រកាសថា រូបលោកនឹងចុះចេញពីមុខតំណែង អំឡុងពេលប៉ុន្មានខែខាងមុខ ក្រោយកាន់អំណាចអស់រយៈពេល៩ឆ្នាំ បន្ទាប់ពីស្ថិតក្រោមសម្ពាធរបស់ក្រុមសមាជិកសភា ដែលព្រួយបារម្ភអំពីការធ្លាក់ចុះប្រជាប្រិយភាព របស់បក្ស Liberal។

លោក Trudeau បាននិយាយថា លោកនឹងនៅបន្តកាន់តួនាទីបណ្តោះអាសន្ន ទាំងជានាយករដ្ឋមន្រ្តី និងជាប្រធានបក្ស Liberal រហូតទាល់តែគណបក្ស ជ្រើសរើសបានមេដឹកនាំថ្មី។ បើតាមសេចក្តីថ្លែងការណ៍របស់បក្ស Liberal ការបោះឆ្នោតជ្រើសរើសប្រធានថ្មី នឹងសម្រេចជាស្ថាពរ នៅថ្ងៃទី៩ ខែមីនា ហើយមេដឹកនាំថ្មីនោះ នឹងត្រូវប្រកាស ក្នុងថ្ងៃដដែល។

កាលពីថ្ងៃព្រហស្បតិ៍ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់កាណាដា បានរាយការណ៍ថា អតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុ លោកស្រី Chrystia Freeland និងអតីតប្រធានធនាគារជាតិ លោក Mark Carney មានបំណងចង់បានតំណែងមេដឹកនាំបក្ស Liberal ខណៈ​រដ្ឋមន្រ្តីការបរទេស លោកស្រី Melanie Joy និងរដ្ឋមន្រ្តីនវានុវត្តន៍ លោក François-Philippe Champagne ហាក់មិនទាន់​ច្បាស់នៅឡើយទេថា នឹងចូលរួមប្រកួតប្រជែងដែរឬអត់។

គួរបញ្ជាក់ថា ការបោះឆ្នោតសកលបន្ទាប់ នៅប្រទេសកាណាដា នឹងត្រូវធ្វើឡើង មិនឱ្យយូរជាងថ្ងៃទី២០ ខែតុលា ឆ្នាំនេះឡើយ។ លទ្ធផលស្ទង់មតិជាបន្តបន្ទាប់ កន្លងមកបានបង្ហាញថា គណបក្សប្រឆាំង Conservatives ទំនងជានឹងទទួលបានជ័យជម្នះ៕