Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក Yoon Suk Yeol នឹងទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ ទោះត្រូវដកតំណែងក៏ដោយ, នេះបើតាមមេធាវីរបស់លោក (Video inside)

09-01-2025 15:27

(សេអ៊ូល)៖ នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា មេធាវីរបស់លោក Yoon Suk Yeol បានអះអាងថា លោកប្រធានាធិបតីកូរ៉េខាងត្បូង នឹងទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ ដែលឥឡូវនេះ កំពុងដំណើរការសំណុំរឿងចោទប្រកាន់ដកតំណែងលោក បើទោះបីជាតុលាការសម្រេចចិត្ត ទម្លាក់រូបលោកចេញពីតំណែងក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលត្រូវបានសាកសួរថា តើលោក Yoon នឹងទទួលយកលទ្ធផលកាត់សេចក្តីជាចុងក្រោយ របស់តុលាការធម្មនុញ្ញដែរឬអត់ ទោះវាចេញមកយ៉ាងណាក៏ដោយនោះ លោក Yoon Kab-keun ដែលជាមេធាវីខាងលើ បានឆ្លើយតបដូច្នេះថា «ប្រសិនបើការសម្រេចចិត្តចេញមក គឺដកតំណែង នោះគ្មានអ្វីអាចត្រូវធ្វើផ្សេង ក្រៅតែពីទទួលយកឡើយ»

កន្លងមក លោក Yoon បានបដិសេធបង្ហាញខ្លួន តាមសំណើរបស់តុលាការ មុនពេលតុលាការចាប់ផ្តើមបើកសវនាការ លើ​សំណុំរឿងដកតំណែងលោក កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំមុន ប៉ុន្តែមេធាវីរបស់លោក បានអះអាងថា រូបលោកមានឆន្ទៈបង្ហាញខ្លួនផ្ទាល់ ដើម្បីតវ៉ាក្តី។ ម៉្យាងវិញទៀត ប្រធានាធិបតីដែលត្រូវព្យួរអំណាចរូបនេះ ក៏បានបដិសេធម្តងហើយម្តងទៀត ចំពោះការកោះហៅ​ជាច្រើនលើកផងដែរ ក្នុងការស៉ើបអង្កេតព្រហ្មទណ្ឌដាក់ដោយឡែកមួយ ពាក់ព័ន្ធការចោទប្រកាន់ថា រូបលោកបានដឹកនាំការបះបោរ តាមរយៈការប្រកាសច្បាប់អាជ្ញាសឹក ដ៏ចម្រូងចម្រាស កាលពីថ្ងៃទី៣ ខែធ្នូ។ មេធាវីដដែល បានអះអាងថា លោក Yoon កំពុងស្ថិតនៅវិមានប្រធានាធិបតីដដែល ក្រោយមានការសង្ស័យថា រូបលោក កំពុងស្ថិតនៅទីណា ឱ្យប្រាកដ។

គួរបញ្ជាក់ថា ក្រុមកងអង្គរក្សប្រធានាធិបតី បានរារាំងកិច្ចប្រឹងប្រែងរបស់ក្រុមអ្នកស៉ើបអង្កេត ដែលចង់អនុវត្តដីកាចាប់ខ្លួន លោក Yoon កាលពីសប្តាហ៍មុន ប៉ុន្តែពេលនេះ លោកកំពុងប្រឈមការប៉ុនប៉ងចាប់ខ្លួនជាថ្មី ខណៈមន្រ្តីស៉ើបអង្កេតកំពូលមួយរូប បានប្តេជ្ញាថា នឹងធ្វើគ្រប់យ៉ាងដើម្បីទម្លុះរនាំងសន្តិសុខ ហើយចូលទៅនាំខ្លួនលោក Yoon ឱ្យបាន៕