Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប៉ូលិសថៃសង្ស័យថា តារាសម្តែងចិនដែលបាត់ខ្លួនប៉ុន្មានថ្ងៃមកហើយ នៅប្រទេសថៃ កំពុងស្ថិតក្នុងប្រទេសមីយ៉ាន់ម៉ា (Video inside)

07-01-2025 15:24

(បាងកក)៖ នាថ្ងៃអង្គារនេះ អាជ្ញាធរថៃបានបញ្ជាក់ថា តារាសម្តែងចិនម្នាក់ ឈ្មោះ Wang Xing ហៅ Xingxing ដែលបានបាត់ខ្លួន ប៉ុន្មានថ្ងៃមកហើយនោះ នៅក្នុងប្រទេសថៃ ក្បែរតំបន់ព្រំដែនជាប់មីយ៉ាន់ម៉ា កំពុងតែស្ថិតនៅប្រទេសមីយ៉ាន់ម៉ា ហើយខាងអាជ្ញាធរមីយ៉ាន់ កំពុងជួយតាមស្វែងរករូបគេ។ នេះបើតាមការផ្សាយ ដោយសារព័ត៌មាន Bangkok Post នាថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ២០២៥។

យ៉ាងណាមិញ អ្នកនាំពាក្យប៉ូលិសថៃ បាននិយាយថា គិតត្រឹមពេលនេះ មិនទាន់មានភស្តុតាងដែលឱ្យតំរុយថា តារាសម្តែងចិនរូបនោះ ត្រូវបានចាប់បង្ខំឱ្យទៅមីយ៉ាន់ម៉ា ឬជាជនរងគ្រោះ នៃការជួញដូរមនុស្សឡើយ ពោលគឺរូបគេហាក់បានធ្វើដំណើរចូលទៅមីយ៉ាន់ម៉ា ដោយស្ម័គ្រចិត្ត។ ខាងអាជ្ញាធរថៃ បានស្នើទៅកាន់​អាជ្ញាធរពាក់ព័ន្ធ នៅមីយ៉ាន់ម៉ា ជួយតាមស្វែងរកលោក Wang Xing ដែលបើយោងតាមកាមេរ៉ាសុវត្ថិភាព គឺទំនងជាបានឆ្លងព្រំដែនចូលទៅមីយ៉ាន់ម៉ា ពីចំណុចមួយនៅក្នុងស្រុក Mae Sot នៃខេត្ត Tak។

ស្ថានទូតចិននៅទីក្រុងបាងកក បាននិយាយថា ស្ថានទូតនិងស្ថានកុងស៊ុលចិន នៅខេត្ត Chiang Mai ទទួលបានសេចក្តីរាយការណ៍ ពីសំណាក់គ្រួសាររបស់តារាសម្តែងខាងលើ ស្តីអំពីការបាត់ខ្លួនរូបគេ ហើយស្ថានទូតនិងស្ថានកុងស៊ុល កំពុងប្រឹងប្រែងធ្វើការ ដើម្បីតាមរកតារាសម្តែងចិននោះ។

គួរបញ្ជាក់ថា តារាសម្តែងអាយុ៣១ឆ្នាំខាងលើ ត្រូវបានរាយការណ៍ថា បានចាកចេញពីអាកាសយានដ្ឋាន Shanghai Pudong ហើយមកដល់អាកាសយានដ្ឋាន Suvarnabhumi នៅជាយក្រុងបាងកក កាលពីម៉ោង៣ទាបភ្លឺ ថ្ងៃសុក្រសប្តាហ៍កន្លងទៅ ក្រោយត្រូវបានអញ្ជើញឱ្យចូលរួមការជ្រើសរើសបេក្ខជន សម្រាប់តួអង្គក្នុងខ្សែភាពយន្តមួយ៕