Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រោយតុលាការចេញដីកាចាប់ខ្លួន ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon នៅតែប្តេជ្ញា «តស៊ូដល់ទីបំផុត» (Video inside)

02-01-2025 10:32

(សេអ៊ូល)៖ មេធាវីម្នាក់ បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២ ខែមករានេះថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានផ្ញើលិខិតមួយទៅកាន់អ្នកគាំទ្រ ដោយនិយាយថាលោកនឹង «តស៊ូដល់ទីបំផុត» ខណៈកំពុងប្រឈមចំពោះដីការចាប់ខ្លួន ជុំវិញការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹកកាលពីខែធ្នូ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក​ Yoon បានសរសេរលិខិតនេះកាលពីល្ងាចថ្ងៃពុធ ទៅឱ្យអ្នកគាំទ្រប្រហែលរាប់រយនាក់ដែលប្រមូលផ្តុំគ្នា នៅជិតលំនៅដ្ឋានរបស់លោក ដោយលើកឡើងថា «ខ្ញុំកំពុងមើលការផ្សាយបន្តផ្ទាល់នៅលើ YouTube ពីការខិតខំប្រឹងប្រែងដែលអ្នកទាំងអស់គ្នាកំពុងធ្វើ។ ​ខ្ញុំ​នឹង​តស៊ូ​ដល់​ទីបំផុត​ ដើម្បី​ការពារ​ប្រទេស​នេះ​ជាមួយ​អ្នក​»​។

គណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងមានសំឡេងភាគច្រើននៅក្នុងសភា និងបានដឹកនាំការចោទប្រកាន់ លោក Yoon កាលពីថ្ងៃទី១៤ ខែធ្នូ ចាត់ទុកលិខិតរបស់ លោក Yoon ថាជាការប្តេជ្ញាចិត្តមិនបញ្ចប់ការបះបោរ។ អ្នកនាំពាក្យរបស់គណបក្ស គូសបញ្ជាក់ថា «ការព្យាយាមធ្វើកុបកម្មមិនគ្រប់គ្រាន់ទេ ឥឡូវនេះគាត់ (លោកYoon) កំពុងញុះញង់អ្នកគាំទ្រ ឱ្យប៉ះទង្គិចគ្នាខ្លាំង»

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន តុលាការមួយនៅក្នុងទីក្រុងសេអ៊ូល បានបង្គាប់ឱ្យចាប់ខ្លួន លោក Yoon ហើយនេះគឺជាលើកដំបូងបំផុត ដែលតុលាការចេញដីកាចាប់ខ្លួន ប្រធានាធិបតីកូរ៉េខាងត្បូងម្នាក់កំពុងកាន់អំណាច។ លោក Yoon កំពុងប្រឈមមុខការស៊ើបអង្កេតពីបទល្មើស ព្រហ្មទណ្ឌពាក់ព័ន្ធនឹងការចោទប្រកាន់ថា រូបលោកជាមេដឹកនាំនៃសកម្មភាពបះបោរមួយ តាមរយៈការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក៕