Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាល្លឺម៉ង់ ចោទប្រកាន់លោក Elon Musk ពីបទប៉ុនប៉ងជ្រៀតជ្រែកការបោះឆ្នោត (Video inside)

30-12-2024 23:39

(ប៊ែកឡាំង)៖ ដ្ឋាភិបាលអាល្លឺម៉ង់ នៅថ្ងៃចន្ទនេះបានចោទប្រកាន់មហាសេដ្ឋីអាមេរិក លោក Elon Musk ពីបទប៉ុនប៉ងជ្រៀតជ្រែកការបោះឆ្នោតក្នុងប្រទេសអាល្លឺម៉ង់ ដែលគ្រោងនឹងធ្វើឡើងនៅខែកុម្ភៈ តាមរយៈការគាំទ្រគណបក្សស្តាំនិយមជ្រុល AfD។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។

ការចោទប្រកាន់នេះ កើតឡើងបន្ទាប់ពីលោក Musk បានសរសេរអត្ថបទមួយ នៅក្នុងកាសែតអាល្លឺម៉ង់ Welt am Sonntag ដោយគាំទ្រ AfD ថាជា «ក្តីសង្ឃឹមចុងក្រោយ» របស់អាល្លឺម៉ង់។

អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ បាននិយាយថា លោក Musk កំពុងព្យាយាមជះឥទ្ធិពល លើការបោះឆ្នោតអាល្លឺម៉ង់ តាមរយៈបណ្តាញសង្គម និងអត្ថបទរបស់លោក។ ទោះបីជាទទួលស្គាល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ របស់លោក Musk ក៏ដោយ ក៏អ្នកនាំពាក្យរូបនោះ បានហៅការគាំទ្ររបស់លោកថា ជា «ការមិនសមហេតុសមផល» សោះឡើយ។

លោក Musk បានការពារសិទ្ធិរបស់លោកក្នុងការបញ្ចេញយោបល់ លើនយោបាយអាល្លឺម៉ង់ ដោយលើកឡើងពីការវិនិយោគរបស់លោក នៅក្នុងប្រទេសនេះ។ លោកក៏បានសរសើរគោលនយោបាយរបស់គណៈបក្ស AfD ទាក់ទងនឹងបទប្បញ្ញត្តិ ពន្ធ និងទីផ្សារ។

គួរបញ្ជាក់ថា ការគាំទ្ររបស់លោក Musk ចំពោះ AfD បានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំង ពីសំណាក់អ្នកនយោបាយអាល្លឺម៉ង់។ សហមេដឹកនាំនៃគណបក្សសង្គមប្រជាធិបតេយ្យ (SPD) បានប្រៀបធៀបលោក Musk ទៅនឹងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយចោទប្រកាន់ថា អ្នកទាំងពីរចង់ធ្វើឱ្យប្រទេសអាល្លឺម៉ង់ចុះខ្សោយ។ ចំណែកឯ មេដឹកនាំគណបក្សប្រឆាំង ក៏បានរិះគន់លោក Musk ដោយហៅការអត្ថាធិប្បាយរបស់លោកថា «បំភិតបំភ័យ និងក្លែងបន្លំ»៕