Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីការបរទេសរុស្ស៉ី៖ វាអាស្រ័យលើរដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងការបោះជំហានមុន ដើម្បីស្តារទំនាក់ទំនងឡើងវិញ

27-12-2024 13:29

(មូស្គូ)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ រដ្ឋមន្រ្តីការបរទេសនៃប្រទេសរុស្ស៉ី លោក Sergei Lavrov បាននិយាយថា រុស្ស៉ីមានឆន្ទៈធ្វើការជាមួយ រដ្ឋបាលលោក ដូណាល់ ត្រាំ ដើម្បីព្យាយាមស្តារទំនាក់ទំនងឡើងវិញ ប្រសិនបើសហរដ្ឋអាមេរិក ពិតជាមានចេតនាប្រាកដប្រជា ក្នុងការធ្វើដូច្នោះ ប៉ុន្តែវាអាស្រ័យលើទីក្រុងវ៉ាស៉ីនតោន ក្នុងការបោះជំហានមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក ដូណាល់ ត្រាំ ដែលនឹងវិលត្រឡប់ទៅកាន់តំណែងជា ប្រធានាធិបតីអាមេរិកម្តងទៀត នៅថ្ងៃទី២០ ខែមករា ឆ្នាំក្រោយ បានប្តេជ្ញាថា នឹងនាំមកនូវទីបញ្ចប់យ៉ាងឆាប់រហ័សបំផុត សម្រាប់សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន ដែលបានផ្ទុះឡើងតាំងពីខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែរូបលោកមិនបានបញ្ជាក់ថា តើលោកនឹងអាចសម្រេចរឿងនោះ បានដោយរបៀបណាឡើយ ក្រៅតែពីជំរុញឱ្យប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី យល់ព្រមបញ្ឈប់សង្រ្គាម។

លោក Lavrov បានលើកឡើងដូច្នេះថា «ប្រសិនបើសញ្ញាមកពីរដ្ឋបាលថ្មី នៅទីក្រុងវ៉ាស៉ីនតោន ដើម្បីស្តារកិច្ចសន្ទនាឡើងវិញ ដែលវ៉ាស៉ីនតោនបានបង្អាក់ ក្រោយប្រតិបត្តិការយោធាពិសេស (សង្រ្គាមនៅអ៊ុយក្រែន) មានលក្ខណៈប្រាកដប្រជានោះ យើងនឹង​ឆ្លើយតបទៅវិញ។ ប៉ុន្តែដោយសារភាគីអាមេរិក ជាអ្នកផ្អាកកិច្ចសន្ទនា ដូច្នេះពួកគេ គួរតែជាអ្នកត្រូវបោះជំហានមុន»។ សង្រ្គាម​ឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន បានធ្វើឱ្យទំនាក់ទំនងរវាងទីក្រុងមូស្គូ និងលោកខាងលិច ធ្លាក់ដល់កម្រិតដ៏ទាបបំផុត គិតចាប់​តាំងពី វិបត្តិមីស៉ីលគុយបា ឆ្នាំ១៩៦២។

គួរបញ្ជាក់ថា បើយោងតាមសេចក្តីរាយការណ៍ របស់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីខែវិច្ឆិកា លោក ពូទីន ប្រកាន់ជំហរបើកទូលាយ ចំពោះការពិភាក្សា អំពីកិច្ចព្រមព្រៀងបទឈប់បាញ់អ៊ុយក្រែន ជាមួយលោក ត្រាំ ប៉ុន្តែមិនព្រមដាច់ខាត ចំពោះការលះបង់ទឹកដីធំណាមួយ ហើយនៅតែទទូចឱ្យចង់អ៊ុយក្រែន បោះបង់មហិច្ឆតាចូលជាសមាជិក អង្គការ NATO។ បច្ចុប្បន្ន ទឹកដីប្រហែល២០ភាគរយរបស់អ៊ុយក្រែន ស្ថិតក្រោមការកាន់កាប់របស់រុស្ស៉ី៕