Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បង់ក្លាដែស៖ កូនប្រុសលោកស្រី Sheikh Hasina បដិសេធការចោទប្រកាន់ពុករលួយ ទាក់ទងគម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ (Video inside)

25-12-2024 14:59

(ញូវដេលី)៖ កូនប្រុស និងទីប្រឹក្សារបស់លោកស្រី Sheikh Hasina អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានច្រានចោលនូវការចោទប្រកាន់ ចំពោះក្រុមគ្រួសាររបស់ខ្លួន ថាបានប្រព្រឹត្តអំពើពុករលួយ កាលពីឆ្នាំ ២០១៥ ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង នៃរោងចក្រថាមពលនុយក្លេអ៊ែរតម្លៃ ១២.៦៥ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែធ្នូ ឆ្នាំ ២០២៤។

គណៈកម្មការប្រឆាំងអំពើពុករលួយបង់ក្លាដែស កាលពីដើមសប្តាហ៍នេះ បានចាប់ផ្តើមការស៉ើបអង្កេតលើករណីចោទប្រកាន់ ពីបទពុករលួយ ការក្លែងបន្លំ និងលាងលុយកខ្វក់ នៅក្នុងគម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ Rooppur របស់ក្រុមហ៊ុនរដ្ឋរុស្ស៉ី Rosatom។ កិច្ច​ព្រម​ព្រៀង​មួយ ​សម្រាប់​រោងចក្រ​ថាមពល​ចំនួន​២ ​ដែល​នីមួយៗ​មាន​កម្លាំង​១២០០​មេហ្គាវ៉ាត់​ ត្រូវ​បាន​ចុះ​ហត្ថលេខា​ ក្នុង​ឆ្នាំ​២០១៥។ គណៈកម្មការចោទប្រកាន់ថា មានភាពមិនប្រក្រតីផ្នែកហិរញ្ញវត្ថុ តម្លៃប្រហែល ៥ពាន់លានដុល្លារ ពាក់ព័ន្ធនឹងលោកស្រី Hasina កូនប្រុសរបស់លោកស្រី គឺលោក Sajeeb Wazed និងក្មួយស្រីម្នាក់ទៀត គឺលោកស្រី លោកស្រី Tulip Siddiq ដែលជាមន្រ្តីជាន់ខ្ពស់ហិរញ្ញវត្ថុ នៅចក្រភពអង់គ្លេស តាមរយៈគណនីនៅឯនាយសមុទ្រ។

លោក Wazed បាននិយាយតាងនាមឱ្យក្រុមគ្រួសាររបស់លោកថា «ការ​ចោទ​ប្រកាន់​នេះគឺក្លែង​ក្លាយ​ទាំង​ស្រុង និង​ជា​យុទ្ធនាការ​លាប​ពណ៌។ គ្រួសារ​ខ្ញុំ​ក៏​មិន​ដែល​បាន​ជាប់​ពាក់ព័ន្ធ ឬ​យក​ប្រាក់​ពី​គម្រោង​រដ្ឋាភិបាល​ណា​មួយ​ទេ។ វាមិនអាចទៅរួចទេ ក្នុងការដកប្រាក់រាប់ពាន់លានពីគម្រោងតម្លៃ ១០ពាន់លានដុល្លារ»។ លោក Wazed បន្ថែមថា «យើងក៏មិនមានគណនី នៅឯនាយសមុទ្រដែរ។ ខ្ញុំរស់នៅសហរដ្ឋអាមេរិកអស់រយៈពេល ៣០ឆ្នាំមកហើយ មីង និងបងប្អូនជីដូនមួយខ្ញុំ រស់នៅចក្រភពអង់គ្លេស រយៈពេលប្រហាក់ប្រហែលគ្នា។ យើង​ប្រាកដ​ជា​មាន​គណនី​នៅ​ទី​នេះ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​យើង​ ធ្លាប់​ឃើញ​លុយ​នេះ​ឡើយ»។

ដោយឡែក លោកស្រី Siddiq មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។ ប៉ុន្តែអ្នកនាំពាក្យរបស់ នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បាននិយាយថា លោកស្រី Siddiq បដិសេធនូវការជាប់ពាក់ព័ន្ធ ជុំវិញការអះអាងខាងលើនេះ ហើយលោកស្រី Siddiq នៅតែបន្តតួនាទីធម្មតា៕