Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថៃ នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំថ្នាក់តំបន់ ផ្តោតលើបញ្ហាមីយ៉ាន់ម៉ា ក្នុងសប្តាហ៍នេះ

16-12-2024 14:58

(បាងកក)៖ ថៃ បានប្រកាសនៅថ្ងៃចន្ទ ទី១៦ ខែធ្នូនេះថា ខ្លួននឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់តំបន់ ស្តីពីប្រទេសមីយ៉ាន់ម៉ា នៅក្នុងសប្តាហ៍នេះ ដោយយ៉ាងហោចណាស់នឹងមានអ្នកតំណាងម្នាក់ មកពីរបបយោធា ខណៈនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៉ី​និយាយ​ថា​ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​ ដើម្បី​នាំ​មីយ៉ាន់ម៉ា​ត្រឡប់មក ជាបញ្ហាចម្បងបំផុតសម្រាប់​អាស៊ានវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP។

រដ្ឋមន្រ្តីការបរទេសថៃ លោក Maris Sangiampongsa នឹងបើកកិច្ចពិគ្រោះយោបល់ដាច់ដោយឡែកគ្នា នៅថ្ងៃទី១៩ និងថ្ងៃទី២០។ អ្នកតំណាងមកពីមីយ៉ាន់ម៉ា នឹងមកចូលរួមកិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍ ដោយអ្នកនាំពាក្យក្រសួងការបរទេសថៃ និយាយថា វាជាកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការ ស្តីពីសន្តិសុខព្រំដែន និងឧក្រិដ្ឋកម្មឆ្លងដែន។ រីឯអ្នកតំណាងមកពី ចិន ឥណ្ឌា បង់ក្លាដែស ឡាវ និងថៃ ដែលសុទ្ធសឹងមានព្រំដែនជាប់មីយ៉ាន់ម៉ា ក៏នឹងចូលរួមផងដែរ។

បន្ទាប់មក នៅថ្ងៃសុក្រ នឹងមានកិច្ចប្រជុំកម្រិតរដ្ឋមន្រ្តីការបរទេសមួយ ស្តីអំពីមីយ៉ាន់ម៉ាសម្រាប់សមាជិកណា ដែលចាប់អារម្មណ៍ចង់ប្រជុំ នៅក្នុងចំណោមប្រទេសអាស៊ាន រួមទាំងការពិភាក្សាអំពីផែនការ «ការឯកភាពប្រាំចំណុច» របស់អាស៊ាន សម្រាប់សន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ គេនៅមិនទាន់ប្រាកដទេថា មីយ៉ាន់ម៉ានឹងបញ្ជូនអ្នកតំណាងមក ចូលរួមប្រជុំ ឬក៏ថាតើនរណានឹងមកចូលរួម៕