Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីក្រុងមូស្គូរិះគន់អាមេរិក ក្រោយការផ្ទេរថវិកា២០ពាន់លានដុល្លារឱ្យអ៊ុយក្រែន ដោយប្រើទ្រព្យសម្បត្តិបង្កករបស់រុស្ស៉ី (Video inside)

12-12-2024 14:12

(មូស្គូ)៖ កាលពីថ្ងៃពុធ ទី១១ ខែធ្នូ ក្រសួងការបរទេសរុស្ស៉ី បាននិយាយថា ការផ្ទេរថវិការបស់សហរដ្ឋអាមេរិក ចំនួន២០ពាន់លានដុល្លារ ឱ្យទៅអ៊ុយក្រែន ដោយប្រើប្រាស់ ទ្រព្យសម្បត្តិបង្កករបស់រុស្ស៉ី គឺជាអំពើប្លន់សុទ្ធសាធ ហើយបានព្រមានថា ទីក្រុងមូស្គូ ក៏អាចរឹបអូសទ្រព្យសម្បត្តិ ដែលស្ថិតក្រោមយុត្តាធិការរបស់ខ្លួន វិញផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្រសួងការបរទេសរុស្ស៉ី បាននិយាយ ក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «ការផ្តល់របស់ក្រសួងហិរញ្ញវត្ថុអាមេរិក នូវថវិកា២០ពាន់លានដុល្លារ ដោយប្រើប្រាស់ចំណូល បានមកពីប្រតិបត្តិការ នៃទ្រព្យសម្បត្តិបង្កករបស់រុស្ស៉ី ដែលត្រូវបានលួចយកទៅ ដោយក្រុមប្រទេស G7 គឺជាអំពើប្លន់សុទ្ធសាធ»។ ក្រសួងការបរទេសរុស្ស៉ី បានបន្តថា ទីក្រុងមូស្គូ ក៏មានលទ្ធភាពគ្រប់គ្រាន់ផងដែរ ដើម្បីសងសឹកវិញ ដោយរឹបអូសទ្រព្យសម្បត្តិរបស់ ក្រុមប្រទេសលោកខាងលិចទាំងឡាយណា ដែលស្ថិតក្រោមដែនយុត្តាធិការរបស់ខ្លួន។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្រសួងហិរញ្ញវត្ថុអាមេរិក បានប្រកាសអំពីការផ្ទេរថវិកា២០ពាន់លានដុល្លារ ដែលជាចំណែករបស់អាមេរិក នៅក្នុងកញ្ចប់ថវិកាកញ្ចី សរុបទាំងអស់ចំនួន ៥០ពាន់លានដុល្លារ របស់ G7 សម្រាប់អ៊ុយក្រែន ដែលកំពុងបន្តស្ថិតក្នុងសង្រ្គាមជាមួយរុស្ស៉ី។ ថវិកានោះ ត្រូវបានផ្ទេរទៅកាន់ មូលនិធិអន្តរការីមួយ របស់ធនាគារពិភពលោក ដើម្បីផ្តល់ជំនួយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដល់ទីក្រុងកៀវ៕