សហភាពអឺរ៉ុប និងប្លុក Mercosur បញ្ចប់រួចរាល់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ចម្រូងចម្រាស (Video inside)
06-12-2024 21:45
(ព្រុចស៊ែល)៖ សហភាពអឺរ៉ុប (EU) និងប្លុក Mercosur របស់អាមេរិកខាងត្បូង នៅថ្ងៃសុក្រនេះ បានបញ្ចប់រួចរាល់នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ចម្រូងចម្រាសមួយ ដែលមានគោលបំណងលុបបំបាត់ពន្ធ និងបន្ធូរបន្ថយរបាំងពាណិជ្ជកម្ម រវាងប្លុកទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានសម្តែងការសាទរ ចំពោះកិច្ចព្រមព្រៀងនេះ ដោយចាត់ទុកថា ជាជ័យជម្នះសម្រាប់អឺរ៉ុប។ លោកស្រីបានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុង Montevideo ប្រទេសអ៊ុយរូហ្គាយ ថា «នេះគឺជាការឈ្នះសម្រាប់អឺរ៉ុប»។
ទោះជាយ៉ាងណា កិច្ចព្រមព្រៀងនេះ នៅតែត្រូវការមានការអនុម័តពីសភាអឺរ៉ុប និងរដ្ឋជាសមាជិក ដែលអាចនឹងជួបប្រទះការលំបាក ដោយសារការប្រឆាំងពីប្រទេសមួយចំនួន។ បារាំង និងអ៊ីតាលី បានបង្ហាញការព្រួយបារម្ភថា កិច្ចព្រមព្រៀងនេះ អាចនាំឱ្យមានការនាំចូលផលិតផលកសិកម្មថោកៗ ពីអាមេរិកខាងត្បូង ដែលនឹងប៉ះពាល់ដល់កសិករអឺរ៉ុប៕