Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប៉ារ៉ាហ្កាយបណ្តេញមន្រ្តីការទូតចិន ដោយចោទថា លូកលាន់ក្នុងទំនាក់ទំនងជាមួយកោះតៃវ៉ាន់ (Video inside)

06-12-2024 14:14

(អាសង់ស្យុង)៖ ក្រសួងការបរទេសប៉ារ៉ាហ្កាយ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ថា ប្រទេសអាមេរិកខាងត្បូងមួយនេះ បានលុបចោលទិដ្ឋាការ របស់មន្រ្តីការទូតចិនជាន់ទាបម្នាក់ ហើយបានបញ្ជាឱ្យមន្រ្តីរូបនោះ ចាកចេញពីប៉ារ៉ាហ្កាយជាបន្ទាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្រសួងការបរទេសប៉ារ៉ាហ្កាយ បានចោទប្រកាន់មន្រ្តីចិនខាងលើ ឈ្មោះ Xu Wei ថា បានលូកលាន់កិច្ចការផ្ទៃក្នុងរបស់ខ្លួន។ ចំណែកឯ ស្ថានទូតតៃវ៉ាន់ប្រចាំប៉ារ៉ាហ្កាយ បានចោទប្រកាន់រូបលោកថា បានជ្រៀតចូលក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ ដើម្បីបំផ្លាញ​ទំនាក់ទំនងរបស់ប៉ារ៉ាហ្កាយ ជាមួយតៃវ៉ាន់។

ក្រសួងការបរទេសប៉ារ៉ាហ្កាយ មិនបានបញ្ជាក់ច្បាស់ថា ការលូកលាន់របស់លោក Xu មានលក្ខណៈបែបណាឱ្យច្បាស់ឡើយ ប៉ុន្តែបាននិយាយថា រូបលោកបានបំពានលក្ខខណ្ឌ នៃទិដ្ឋាការរបស់លោក ក្រោយធ្វើដំណើរមកកាន់ប៉ារ៉ាហ្កាយ ក្នុងចំណោម​ប្រតិភូចិនមួយក្រុម ដើម្បីចូលរួមកិច្ចប្រជុំមួយ របស់អង្គការ UNESCO។ លោក Xu ត្រូវបានទុកពេលឱ្យ២៤ម៉ោង ដើម្បីចាកចេញ។ យ៉ាងណាមិញ ក្នុងខ្សែអាត់សំឡេង ថតបានក្នុងសភាប៉ារ៉ាហ្កាយ លោក Xu បានទទូចឱ្យសមាជិកសភាប៉ារ៉ាហ្កាយ ដោះដៃចោលតៃវ៉ាន់ ហើយងាកទៅទទួលស្គាល់ចិនវិញ ក្រោមហេតុផលថា ការជ្រើសរើសធ្វើបែបនោះ នឹងផ្តល់អត្ថប្រយោជន៍ច្រើន ដល់ប៉ារ៉ាហ្កាយ។

គួរបញ្ជាក់ថា កោះតៃវ៉ាន់ ត្រូវចិនចាត់ទុកជាផ្នែកនៃទឹកដីរបស់ខ្លួន។ ការគាំទ្រផ្នែកការទូតយូរមកហើយ របស់ប៉ារ៉ាហ្កាយចំពោះតៃវ៉ាន់ គឺជាមូលហេតុដែលធ្វើឱ្យប៉ារ៉ាហ្កាយ មិនអាចនាំចេញគ្រាប់ធញ្ញជាតិ ទៅកាន់ប្រទេសចិន។ ប៉ារ៉ាហ្កាយ គឺជាប្រទេសចុងក្រោយគេ ប្រចាំតំបន់អាមេរិកខាងត្បូង ដែលនៅរក្សាទំនាក់ទំនងផ្លូវការ ជាមួយតៃវ៉ាន់៕