សន្ធិសញ្ញារវាងកូរ៉េខាងជើងនិងរុស្ស៉ី ដែលព្រមព្រៀងគ្នាដោយលោក គីម និងលោក ពូទីន ចូលជាធរមានជាផ្លូវការ (Video inside)
05-12-2024 13:29
(ព្យុងយ៉ាង)៖ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នាថ្ងៃព្រហស្បតិ៍នេះថា សន្ធិសញ្ញាភាពជាដៃគូគ្រប់ជ្រុងជ្រោយ ដែលត្រូវបានព្រមព្រៀងគ្នា ដោយមេដឹកនាំកូរ៉េខាងជើងនិងរុស្ស៉ី កាលពីខែមិថុនា ឆ្នាំនេះ បានចូលជាធរមានជាផ្លូវការហើយ កាលពីថ្ងៃពុធ ទី៤ ខែធ្នូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤។
សន្ធិសញ្ញាខាងលើ ត្រូវបានចុះហត្ថលេខា អំឡុងដំណើរបំពេញទស្សនកិច្ច របស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន មកកាន់ទីក្រុងព្យុងយ៉ាង កាលពីខែមិថុនា ហើយរូបលោក បានបើកកិច្ចប្រជុំកំពូលជាមួយ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ នៅក្នុងសន្ធិសញ្ញានោះ រួមមានទាំងកិច្ចព្រមព្រៀងជួយការពារគ្នាទៅវិញទៅមកភ្លាមៗ ប្រសិនបើភាគីណាមួយ ប្រឈមមុខការឈ្លានពានប្រដាប់អាវុធ។
គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងមក រុស្ស៉ីបានបង្កើនទំនាក់ទំនងកាន់តែរឹងមាំខ្លាំងជាងមុន ជាមួយកូរ៉េខាងជើង ជាពិសេសកិច្ចសហប្រតិបត្តិការវិស័យយោធា។ ក្រៅពីផ្តល់សព្វាវុធ ទីក្រុងព្យុងយ៉ាង ក៏រងការចោទប្រកាន់ថា បានបញ្ជូនទាហានប្រមាណជាង ១០ ០០០នាក់ ដើម្បីទៅជួយរុស្ស៉ីប្រយុទ្ធក្នុងសង្រ្គាមអ៊ុយក្រែន ផ្ទាល់តែម្តង ផងដែរ។ យ៉ាងណាមិញ ភាគីទាំងពីរនៅតែបន្តបដិសេធ ចំពោះការចោទប្រកាន់ទាំងនេះ ពោលគឺមិនថាការបញ្ជូនកងទ័ព ឬមួយក៏ការបញ្ជូនគ្រាប់រំសេវរាប់ពាន់កុងតឺន័រ កាំភ្លើងធំ និងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត នោះឡើយ៕