ក្រុមការងារលោក បៃដិន និងក្រុមការងារលោក ត្រាំ ចុះ MOU ស្តីពីការផ្ទេរអំណាច
27-11-2024 16:22
(វ៉ាស៉ីនតោន)៖ ក្រុមការងាររបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន និងក្រុមការងាររបស់ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) សំដៅឱ្យមានការផ្ទេរអំណាចពេញលេញ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤។
លោកស្រី Susie Wiles ប្រធានក្រុមការងាររបស់ លោក ត្រាំ បានបញ្ជាក់ថា «ក្រោយបញ្ចប់ដំណើរការជ្រើសរើស សមាសភាពនៃគណៈរដ្ឋមន្ត្រីថ្មី ប្រធានាធិបតីជាប់ឆ្នោត នឹងឈានទៅដំណាក់កាលផ្លាស់ប្តូររដ្ឋបាល ដោយអនុវត្តតាម MOU ជាមួយរដ្ឋបាល លោក បៃដិន»។ លោកស្រីបន្ថែមថា «MOU នេះនឹងអនុញ្ញាតឱ្យគណៈរដ្ឋមន្ត្រីថ្មី ចាប់ផ្តើមការងារសំខាន់ៗ រួមទាំងការដាក់មន្រ្តីបុគ្គលិកឱ្យចូលកាន់មុខតំណែង និងការផ្ទេរអំណាចយ៉ាងពេញលេញ»។
គួរបញ្ជាក់ថា លោក ត្រាំ ដែលបានផ្តួលគូប្រជែង លោកស្រី កាមេឡា ហារីស ក្នុងការបោះឆ្នោតថ្ងៃទី៥ ខែវិច្ឆិកា នឹងស្បងចូលកាន់តំណែងផ្លូវការ នៅថ្ងៃទី២០ ខែមករា ឆ្នាំ ២០២៥៕