Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីអាជ្ញាធរប៉ាឡេស្ទីន ថាត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយ លោក ត្រាំ ឆ្ពោះទៅរកសន្តិភាពគ្រប់ជ្រុងជ្រោយ (Video inside)

09-11-2024 11:27

(WEST BANK)៖ ទីភ្នាក់ងារព័ត៌មានប៉ាឡេស្ទីន បានរាយការណ៍កាលពីថ្ងៃសុក្រសប្តាហ៍នេះថា ប្រធានាធិបតីអាជ្ញាធរប៉ាឡេស្ទីន លោក Mahmoud Abbas ដែលមានមូលដ្ឋាននៅតំបន់ West Bank បានជួបសន្ទនាតាមទូរស័ព្ទជាមួយ លោក ដូណាល់ ត្រាំ ដើម្បីអបអរសាទរការជាប់ឆ្នោតរបស់លោក ជាប្រធានាធិបតីអាមេរិកថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

នាឱកាសនោះ លោក Abbas ក៏បានលើកឡើងដែរថា រូបលោកទន្ទឹងរង់ចាំធ្វើការជាមួយ លោក ត្រាំ ដើម្បីឆ្ពោះទៅសម្រេចឱ្យបាន សន្តិភាពដែលមានយុត្តិធម៌ និងគ្រប់ជ្រុងជ្រោយ។ ការអត្ថាធិប្បាយពាក់ព័ន្ធការស្វែងរកសន្តិភាពបែបនេះ របស់លោកប្រធានាធិបតីអាជ្ញាធរប៉ាឡេស្ទីន ធ្វើឡើងស្របពេលដែលអ៉ីស្រាអែល បាននិងកំពុងបន្តធ្វើសង្រ្គាមនៅតំបន់ហ្កាហ្សា ប្រឆាំងនឹងក្រុមហាម៉ាសប៉ាឡេស្ទីន ចាប់តាំងតែពីខែតុលា ឆ្នាំ២០២៣មក។ សង្រ្គាមនេះ បានសម្លាប់មនុស្សយ៉ាងហោចជាង ៤៤,០០០នាក់។

គួរបញ្ជាក់ថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលទើបជាប់ឆ្នោត ក្នុងសប្តាហ៍នេះ បានប្រកាសថា រូបលោក​នឹងមិនបង្កើតសង្រ្គាមថ្មីឡើយ ប៉ុន្តែផ្ទុយទៅវិញ លោកនឹងបិទបញ្ចប់សង្រ្គាមនានា៕