យុទ្ធជនស្ម័គ្រចិត្តម្នាក់ទៀតមកពីតៃវ៉ាន់ ស្លាប់ក្នុងសង្រ្គាម នៅអ៊ុយក្រែន (Video inside)
04-11-2024 14:26
(តៃប៉ិ)៖ ក្រសួងការបរទេសរបស់កោះតៃវ៉ាន់ បានឱ្យដឹងថា ពលរដ្ឋតៃវ៉ាន់ទីពីរ ដែលស្ម័គ្រចិត្តជួយអ៊ុយក្រែនប្រយុទ្ធនឹងរុស្ស៉ី ត្រូវបានសម្លាប់ បន្ទាប់ពីយុទ្ធជនស្ម័គ្រចិត្តតៃវ៉ាន់ដំបូងគេ បានស្លាប់នៅសមរភូមិអ៊ុយក្រែន កាលពីខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា ឆ្នាំ ២០២៤។
ក្នុងសេចក្តីថ្លែងការណ៍ដើម្បីរំលែកទុក្ខ ចំពោះក្រុមគ្រួសារសព ក្រសួងការបរទេស បានឱ្យដឹងទៀតថា បុរសនោះ ជាសមាជិកយុទ្ធជនបរទេស នៃកងពលយោធាអ៊ុយក្រែន។ ក្រសួងបានទទួលរបាយការណ៍ អំពីការស្លាប់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ហើយការិយាល័យតំណាងតៃវ៉ាន់ នៅក្នុងប្រទេសប៉ូឡូញ បានផ្ទៀងផ្ទាត់ដំណឹងនេះ ជាមួយកងវរសេនាធំអន្តរជាតិ របស់អ៊ុយក្រែន។
តាមប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ បុរសរូបនោះឈ្មោះ Wu Chung-ta និងបានត្រលប់ទៅអ៊ុយក្រែន ក្នុងខែកក្កដា បន្ទាប់ពីជាសះស្បើយពីរបួសជើង។ លោក Wu ធ្លាប់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា គ្រួសាររបស់គាត់ គាំទ្រការសម្រេចចិត្តរបស់គាត់ ក្នុងការទៅជួយប្រយុទ្ធនៅអ៊ុយក្រែន។ សមាជិកគណៈកម្មាធិការការពារជាតិ នៃសភាតៃវ៉ាន់ លោក Puma Shen បានប្រាប់ AFP ថា បច្ចុប្បន្ន មានយុទ្ធជនតៃវ៉ាន់ ប្រហែល ៥ ទៅ ៦នាក់ នៅក្នុងប្រទេសអ៊ុយក្រែន។
គួរបញ្ជាក់ថា ក្រោយផ្ទុះសង្រ្គាម ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវដោយបើកចំហ សុំឱ្យជនបរទេសមកជួយប្រទេសរបស់លោក ក្នុងនាមកងពលអន្តរជាតិ ដែលត្រូវប្រយុទ្ធជាមួយកងទ័ពរុស្ស៉ី៕