ប៉ូលិសប៉ាគីស្ថាន ឃុំខ្លួនសមាជិកសភា ២នាក់ មកពីគណបក្សរបស់អតីតនាយករដ្ឋមន្រ្តី Imran Khan (Video inside)
10-09-2024 15:13
(អ៉ីស្លាម៉ាបាដ)៖ ក្រុមថ្នាក់ដឹកនាំបក្ស និងប៉ូលិសប៉ាគីស្ថាន និយាយថា យ៉ាងហោចណាស់សមាជិកសភា ២រូបត្រូវបានឃុំខ្លួនកាលពីយប់មិញ នៅក្នុងទីក្រុងអ៉ីស្លាម៉ាបាដ និងដែលជាការអនុវត្តលើសមាជិកនៃគណបក្ស របស់អតីតនាយករដ្ឋមន្ត្រី លោក Imran Khan ដែលកំពុងជាប់ពន្ធនាគារ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ ២០២៤។
លោក Khan បានជាប់ពន្ធនាគារ តាំងពីឆ្នាំមុន។ គណបក្សប៉ាគីស្ថាន Tehreek-e-Insaf (PTI) របស់លោកបានឈ្នះ អាសនៈភាគច្រើន ក្នុងការបោះឆ្នោតជាតិ កាលពីខែកុម្ភៈ ប៉ុន្តែសម្ព័ន្ធភាពនៃគូប្រជែងរបស់លោក អាចបង្កើតរដ្ឋាភិបាលថ្មី ដឹកនាំដោយនាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺលោក Shehbaz Sharif។ មេដឹកនាំបក្ស PTI លោក Zulfikar Bukhari ដែលធ្លាប់ជារដ្ឋមន្រ្តីមួយរូបផងនោះ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងចំណោមអ្នកដែលត្រូវប៉ូលិសចាប់ឃុំខ្លួន គឺមានប្រធាន PTI លោក Gohar Khan និងសមាជិកជាន់ខ្ពស់របស់ PTI ម្នាក់ទៀត។ មិនមានសេចក្តីប្រកាសផ្លូវការណាមួយ ជុំវិញការព័ត៌មានលម្អិតអំពីការចោទប្រកាន់ ឬប្រកាសពីការចាប់ខ្លួនជាផ្លូវការនោះទេ។
គួរបញ្ជាក់ថា ការឃុំខ្លួននេះ កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពី PTI រៀបចំការជួបជុំនយោបាយដ៏ធំមួយ នៅឯជាយក្រុង ដើម្បីទាមទារឱ្យមានការដោះលែង លោក Khan។ ក្រុមអ្នកគាំទ្រ ក៏បានប៉ះទង្គិចជាមួយប៉ូលិស អំឡុងពេលធ្វើដំណើរទៅ ពិធីជួបជុំនោះ ហើយមន្រ្តីប៉ូលិសជាន់ខ្ពស់ម្នាក់បានរងរបួស៕