Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីការបរទេសអ៉ីស្រាអែល អំពាវនាវឱ្យកម្ចាត់មេដឹកនាំហាម៉ាសថ្មី ដែលទើបត្រូវបានតែងតាំង (Video inside)

07-08-2024 15:05

(ហ៊្សេរុយសាឡិម)៖ រដ្ឋមន្រ្តីការបរទេសនៃប្រទេសអ៉ីស្រាអែល កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានអំពាវនាវឱ្យកម្ចាត់លោក Yahya Sinwar ជាបន្ទាន់ ខណៈរូបលោក ត្រូវបានក្រុមហាម៉ាសប៉ាឡេស្ទីន តែងតាំងជាមេដឹកនាំនយោបាយថ្មី ជំនួសលោក Ismail Haniyeh ដែលត្រូវបានគេធ្វើឃាត នៅឯទីក្រុងតេហេរ៉ង់នៃប្រទេសអ៉ីរ៉ង់ កាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៤។

ប្រមុខការទូតអ៉ីស្រាអែល លោក Israel Katz បាននិយាយដូច្នេះថា «ការតែងតាំងលោក Yahya Sinwar ជាមេដឹកនាំថ្មីរបស់ក្រុមហាម៉ាស ជំនួសលោក Ismail Haniyeh គឺជាហេតុផលដ៏ប្រសើរមួយទៀត ដែលតម្រូវឱ្យពួកយើងត្រូវតែ កម្ចាត់រូបលោកចោលជាបន្ទាន់ ហើយលុបបំបាត់ក្រុមនេះចេញពីផ្ទៃផែនដី»

ការប្រកាសពីការតែងតាំងលោក Yahya Sinwar កើតមានឡើង ចំពេលតំបន់មជ្ឈិមបូព៌ា កំពុងប្រឈមមុខនឹងហានិភ័យផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ ខណៈអ៉ីរ៉ង់និងសម្ព័ន្ធមិត្តរបស់ខ្លួន បានសន្យាសងសឹកអ៉ីស្រាអែល ជុំវិញការសម្លាប់លោក Haniyeh។ អ៉ីរ៉ង់ និងហាម៉ាសបានចោទប្រកាន់ថា អ៉ីស្រាអែលជាអ្នកសម្លាប់លោក Haniyeh រីឯក្រុមហេសបូឡាវិញក៏បាន ប្ដេជ្ញាសងសឹកដែរ បន្ទាប់ពីអ៉ីស្រាអែល បានសម្លាប់មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ខ្លួន គឺលោក Fuad Shukr នៅក្នុងការវាយប្រហារតាមផ្លូវអាកាសមួយលើទីក្រុងបេរូត ប្រទេសលីបង់ កាលពីសប្ដាហ៍មុន។

គួរបញ្ជាក់ថា លោក Yahya Sinwar ត្រូវបានអ៉ីស្រាអែលចោទថាជាមេគំនិតនៅពីក្រោយការវាយប្រហារ កាលពីថ្ងៃទី៧ ខែតុលា លើភាគខាងត្បូងអ៉ីស្រាអែល។ លោក Sinwar បានក្លាយជាមេដឹកនាំក្រុមហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីឆ្នាំ២០១៧មក ហើយបន្ទាប់ពីការវាយប្រហារលើអ៉ីស្រាអែល លោកមិនដែលបង្ហាញខ្លួននោះទេ៕