បារាំង ប្រឈមហានិភ័យនៃអំពើហិង្សា ដោយសារតែការបោះឆ្នោតមុនពេលកំណត់, នេះបើតាមរដ្ឋមន្រ្តីមហាផ្ទៃ (Video inside)
24-06-2024 16:30
(ប៉ារីស)៖ រដ្ឋមន្រ្តីមហាផ្ទៃបារាំង លោក Gerald Darmanin បាននិយាយនៅថ្ងៃចន្ទនេះថា គេអាចឃើញមានភាពចលាចលស៉ីវិល និងអំពើហឹង្សាដែលទាក់ទងនឹងការបោះឆ្នោត នៅក្នុងប្រទេសបារាំង ខណៈយុទ្ធនាការបោះឆ្នោតចាប់ផ្តើមឈានចូលសប្តាហ៍ចុងក្រោយ នៅមុនការបោះឆ្នោតជុំទីមួយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ ២០២៤។
លោក Darmanin បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា «វាអាចទៅរួច ដែលនឹងមានភាពតឹងតែងខ្លាំងក្នុងប្រទេស ហើយអាជ្ញាធរកំពុងត្រៀមខ្លួន សម្រាប់ស្ថានភាពងាយនឹងប៉ះទង្គិច ក្នុងកម្រិតខ្ពស់មួយ ស្របពេលដែលការបោះឆ្នោតនឹងត្រូវធ្វើឡើង ក្នុងរយៈពេលតិចជាង ១ខែប៉ុណ្ណោះ មុនកីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ ២០២៤»។
គួរបញ្ជាក់ថា កាលពីដើមខែនេះ ប្រធានាធិបតីបារាំង លោក Emmanuel Macron ស្រាប់តែប្រកាសរំលាយសភាភ្លាមៗ និងអំពាវនាវឱ្យរៀបចំការបោះឆ្នោត។ សម្រាប់អ្នកបោះឆ្នោតភាគច្រើន ការបោះឆ្នោតនេះ ត្រូវបានមើលឃើញជា ជាការធ្វើប្រជាមតិ ទៅលើជោគវាសនារបស់ លោក Macron ខណៈការគាំទ្ររូបលោកបានធ្លាក់ចុះ បន្ទាប់ពីមានវិបត្តិនយោបាយក្នុងស្រុក៕