មន្រ្តីយោធាជាន់ខ្ពស់កូរ៉េខាងជើង រិះគន់សហរដ្ឋអាមេរិក ជុំវិញការពង្រីកការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន (Video inside)
24-06-2024 13:35
(សេអ៊ូល)៖ នៅថ្ងៃចន្ទនេះ មន្រ្តីយោធាជាន់ខ្ពស់មួយរូបនៃប្រទេសកូរ៉េខាងជើង បានថ្លែងរិះគន់ចំពោះសហរដ្ឋអាមេរិក ជុំវិញការពង្រីកការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន ខណៈទីក្រុងព្យុងយ៉ាង ហាក់ចង់បញ្ជាក់ជាថ្មី អំពីការបន្តគាំទ្ររបស់ខ្លួនដល់ទីក្រុងមូស្គូ ក្នុងវិបត្តិសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤។
យោងតាមសេចក្តីថ្លែងការណ៍ ចេញផ្សាយនាថ្ងៃចន្ទនេះដោយ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក Pak Jong Chon ដែលជាមន្រ្តីយោធាជាន់ខ្ពស់ លំដាប់ទី២ នៅកូរ៉េខាងជើង បាននិយាយថា រុស្ស៉ីមានសិទ្ធិក្នុងការវាយប្រហារសងសឹកគ្រប់ទម្រង់ទាំងអស់ ហើយប្រសិនបើ ទីក្រុងវ៉ាស៉ីនតោនបន្តរុញច្រានអ៊ុយក្រែន ក្នុងសង្រ្គាមប្រើប្រាស់តួអង្គជំនួសប្រឆាំងនឹងរុស្ស៉ី វាអាចនឹងបង្កឱ្យមានការឆ្លើយតប កាន់តែរឹងមាំពីទីក្រុងមូស្គូ ហើយអាចឈានដល់សង្រ្គាមលោកថ្មីមួយតែម្តង។ ការលើកឡើងរបស់លោក Pak គឺចង់សំដៅលើសម្តីរបស់មន្ទីរបញ្ចកោណ កាលពីសប្តាហ៍មុន ដែលបានលើកឡើងថា កងទ័ពអ៊ុយក្រែន អាចប្រើប្រាស់អាវុធ ដែលអាមេរិកផ្តល់ឱ្យ វាយប្រហារទៅលើកងកម្លាំងរុស្ស៉ី នៅកន្លែងណាក៏បានដែរ ខាងព្រំប្រទល់នៃប្រទេសរុស្ស៉ី។
គួរបញ្ជាក់ថា ទីក្រុងវ៉ាស៉ីនតោនបានកើតមានក្តីបារម្ភខ្លាំងឡើងៗ ដោយសារភាពកាន់តែស៉ីជម្រៅ នៃកិច្ចសហប្រតិបត្តិការផ្នែកយោធា រវាងរុស្ស៉ីនិងកូរ៉េខាងជើង ហើយបានចោទប្រកាន់ប្រទេសទាំងពីរ ថាបានបំពានច្បាប់អន្តរជាតិ តាមរយៈការជួញដូរអាវុធឱ្យរុស្ស៉ី យកទៅប្រើក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន។ កាលពីសប្តាហ៍មុន អំឡុងទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន នៅទីក្រុងព្យុងយ៉ាង លោក ពូទីន បានចុះសន្ធិសញ្ញាស្តីពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងនោះរួមមានទាំង ការតម្រូវឱ្យប្រទេសទាំងពីរ ផ្តល់ជំនួយយោធាជាបន្ទាន់ដល់គ្នាទៅវិញទៅមក ក្នុងករណីដែលភាគីណាមួយ ប្រឈមការឈ្លានពានប្រដាប់អាវុធ៕