Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

IAEA ទទូចឱ្យបញ្ឈប់ការវាយប្រហារលើទីក្រុង ក្បែរតំបន់រោងចក្រថាមពលនុយក្លេអ៊ែរ របស់អ៊ុយក្រែន (Video inside)

24-06-2024 11:39

(កៀវ)៖ ទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានចេញការអំពាវនាវកាលពីថ្ងៃអាទិត្យកន្លងទៅ ឱ្យបញ្ឈប់ការវាយប្រហារលើទីក្រុង Enerhodar ដែលស្ថិតនៅក្បែរទីតាំង រុស្ស៉ីកំពុងកាន់កាប់នៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia បន្ទាប់ពីការវាយប្រហារដោយដ្រូន ត្រូវចំស្ថានីយអគ្គិសនីចំនួនពីរដែលបម្រើឱ្យតំបន់នោះ។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤។

មន្ត្រីតែងតាំងដោយរុស្ស៉ីនៅរោងចក្រនេះ ចោទប្រកាន់អ៊ុយក្រែនថា បានធ្វើការវាយប្រហារដោយដ្រូនពីរគ្រឿង បំផ្លាញស្ថានីយអគ្គិសនីមួយកន្លែង រីឯមួយកន្លែងទៀតរងការខូចខាត និងកាត់ផ្តាច់ ចរន្តអគ្គិសនីដល់ប្រជាពលរដ្ឋ មួយរយៈពេល។ លោក Rafael Grossi ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានគូសបញ្ជាក់ថា «មិនថានរណាជាអ្នកនៅពីក្រោយការវាយប្រហារ នេះទេ ប៉ុន្តែវាត្រូវតែបញ្ឈប់។ ការប្រើប្រាស់ដ្រូន លើតំបន់រោចក្រថាមពលនុយក្លេអ៊ែរ និងនៅជុំវិញនោះ កើតមានឡើងកាន់តែញឹកញាប់។ នេះ​ជារឿង​មិន​អាច​ទទួល​យក​បាន​ទាំង​ស្រុង ហើយ​វា​ដើរ​ផ្ទុយ​នឹង​សសរស្តម្ភ​សុវត្ថិភាព ក៏ដូចជាគោលការណ៍​ជាក់ស្តែង ​ដែល​ត្រូវ​បាន​ទទួល​យក​ជា​ឯកច្ឆ័ន្ទ​»។

គួរបញ្ជាក់ថា ថាមពលអគ្គិសនី ត្រូវបានកាត់ផ្តាច់រយៈពេល ១៦ម៉ោងក្នុងទីក្រុង Enerhodar ស្ថិតនៅចម្ងាយប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីរោងចក្រថាមពល Zaporizhzhia ប៉ុន្តែបើតាម លោក Grossi ​ការវាយប្រហារ​ទាំង​ពីរ​កាលពី​ថ្ងៃ​ពុធ និង​ថ្ងៃ​សុក្រសប្តាហ៍មុន មិនបានបង្ក​ផលប៉ះពាល់​ដល់​បណ្តាញថាមពល​នៃ​រោងចក្រ​ ដែលកំពុងបន្ត​ប្រតិបត្តិការ​នោះ​ទេ៕