Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វៀតណាមថា មានឆន្ទៈពិភាក្សាគ្នា ជុំវិញការទាមទារពង្រីកព្រំដែនទឹក នៅសមុទ្រចិនខាងត្បូង របស់ហ្វីលីពីន (Video inside)

21-06-2024 16:00

(ហាណូយ)៖ នៅថ្ងៃសុក្រនេះ វៀតណាមនិយាយថា ខ្លួនមានឆន្ទៈពិភាក្សាជាមួយហ្វីលីពីន ដើម្បីស្វែងរកដំណោះស្រាយ ដោយផ្អែកលើផលប្រយោជន៍នៃប្រទេសទាំងពីរ បន្ទាប់ទីក្រុងម៉ានីលបានដាក់សំណើពង្រីកព្រំដែនទឹករបស់ខ្លួន នៅឯសមុទ្រចិនខាងត្បូង ទៅកាន់អង្គការសហប្រជាជាតិ (UN)។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ ២០២៤។

កាលពីសប្តាហ៍មុន ហ្វីលីពីន បានផ្ញើរលិខិតមួយទៅកាន់ UN ដើម្បីស្នើ​ពង្រីកព្រំដែនទឹករបស់ខ្លួន ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ដោយសំដៅទៅលើប្រជុំកោះ Paracel និង Spratly អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម អ្នកនាង Pham Thu Hang បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា «វៀតណាមសូមអះអាងជាថ្មីម្តងទៀត នូវអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះ Hoang Sa និង Truong Sa ស្របតាមច្បាប់អន្តរជាតិ»។ អ្នកនាង Thu Hang បន្ថែមថា «បណ្តាប្រទេសនៃតំបន់សមុទ្រចិនខាងត្បូងទាំងអស់ នៅពេលចង់ពង្រីកព្រំដែនទឹករបស់ពួកគេ គឺចាំបាច់ត្រូវគោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ នៃប្រទេសពាក់ព័ន្ធផ្សេងទៀត ដែលមានឆ្នេរសមុទ្រនៅទល់មុខ ឬនៅជាប់គ្នា»។

គួរបញ្ជាក់ថា វៀតណាម និងហ្វីលីពីន ស្ថិតនៅក្នុងចំណោមប្រទេសដែលទាមទារចំណែកទឹកដីរៀងៗខ្លួន នៅសមុទ្រចិនខាងត្បូង។ UN នៅក្នុងឆ្នាំ ២០១២ បានទទួលស្គាល់តំបន់ Benham Rise ដែលស្ថិតនៅក្រៅឆ្នេរសមុទ្រភាគខាងកើតប្រទេសហ្វីលីពីន និងមិនស្ថិតនៅទីតាំងមានជម្លោះជាមួយចិន ថាជាផ្នែកមួយនៃព្រំដែនទឹករបស់ហ្វីលីពីន៕