Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិកនិងអូស្រ្តាលី សម្តែងក្តីបារម្ភជុំវិញ ការលុបលិខិតឆ្លងដែនរបស់ ក្រុមសកម្មជននៅទីក្រុងហុងកុង (Video inside)

14-06-2024 14:40

(វ៉ាស៉ីនតោន)៖ នៅថ្ងៃសុក្រនេះ សហរដ្ឋអាមេរិក និងអូស្រ្តាលីបានសម្តែងក្តីបារម្ភ ជុំវិញការលុបចោលលិខិតឆ្លងដែន របស់សកម្មជនប្រជាធិបតេយ្យ៦នាក់ នៅក្រោមច្បាប់សន្តិសុខថ្មីរបស់ទីក្រុងហុងកុង។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ ២០២៤។

កាលពីថ្ងៃពុធសប្តាហ៍នេះ ទីក្រុងហុងកុង បានលុបចោលលិខិតឆ្លងដែនរបស់សកម្មជន៦នាក់ ដែលភៀសខ្លួនទៅកាន់ចក្រភពអង់គ្លេស
ដោយលើកឡើងពីមូលដ្ឋាននៃច្បាប់ថ្មី ដែលពួកគេត្រូវបានចាត់ទុកថាជាឧក្រិដ្ឋជន ដែលបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ។ សហរដ្ឋអាមេរិក អំពាវនាវឱ្យក្រុមមន្រ្តីហុងកុង បញ្ឈប់ជាបន្ទាន់នូវកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ក្នុងការបំភិតបំភ័យ និងបំបិទមាត់អ្នកប្រឆាំង។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបញ្ជាក់ថា «សហរដ្ឋអាមេរិកនៅតែបារម្ភជាខ្លាំង ដែលអាជ្ញាធរហុងកុងកំពុងព្យាយាម ប្រើប្រាស់មាត្រា២៣ ដែលជាច្បាប់ទើបត្រូវបានអនុម័ត ធ្វើជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងបង្ក្រាបការឆ្លងដែន»។ ចំណែក អូស្រ្តាលី ក៏បានលើកឡើងផងដែរ អំពីក្តីបារម្ភចំពោះការបាត់បង់សិទ្ធិ និងសេរីភាព ដោយនិយាយថា ច្បាប់សន្តិសុខនោះ មានផលប៉ះពាល់ ទូលំទូលាយ រួមទាំងទៅលើបុគ្គលក្នុងប្រទេសអូស្ត្រាលី។

គួរបញ្ជាក់ថា ទីក្រុងហុងកុង កាលពីខែមីនា បានអនុម័តច្បាប់សន្តិសុខថ្មីមួយ ដែលគេស្គាល់ជាទូទៅថាមាត្រា ២៣។ ច្បាប់នេះ បានពង្រីកអំណាចរបស់រដ្ឋបាលក្រុង លើសពីអ្វីដែលបានផ្តល់ឱ្យដោយច្បាប់ ដែលទីក្រុងប៉េកាំង ដាក់ចេញនៅក្នុងឆ្នាំ ២០២០៕