លោក គីម ជុងអ៊ុន អួតពីទំនាក់ទំនងគ្មានគូប្រៀបជាមួយរុស្ស៉ី ចំពោះមុខព័ត៌មានពីដំណើរទស្សនកិច្ចរបស់លោក ពូទីន (Video inside)
12-06-2024 10:13
(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថាប្រទេសរបស់លោកគឺជាសមមិត្តរួមអាវុធគ្មានគូប្រៀបជាមួយរុស្ស៉ី នៅក្នុងសារមួយផ្ញើទៅកាន់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ខណៈមានសេចក្ដីរាយការណ៍ថាលោក ពូទីន នឹងធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងជើងឆាប់ៗនេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ជាការអបអរទិវាជាតិរុស្ស៉ី លោក គីម ជុងអ៊ុន ក៏បានលើកឡើងដែរថាជំនួបរបស់លោកជាមួយលោក ពូទីន នៅឯមូលដ្ឋានបាញ់បង្ហោះផ្កាយរណបមួយរបស់រុស្ស៉ីកាលពីឆ្នាំមុន បានលើកកម្ពស់ ទំនាក់ទំនងយុទ្ធសាស្ត្រនៃប្រទេសទាំង២ កាន់តែល្អប្រសើរឡើង។ បើតាម KCNA លោក គីម ជុងអ៊ុនថែមទាំងបានកោតសរសើរទៀតផងចំពោះរុស្ស៉ី សម្រាប់ការសម្រេចបាននូវលទ្ធផលនៃ កិច្ចប្រឹងប្រែងកសាងប្រទេសឱ្យកាន់តែខ្លាំក្លា បើទោះជាកំពុងប្រឈមមុខនឹងទណ្ឌកម្ម រួមទាំងសម្ពាធពីកងកម្លាំងអរិភាពក៏ដោយ។
គួរបញ្ជាក់ថា សាររបស់លោក គីម ជុងអ៊ុន ធ្វើឡើងបន្ទាប់ពីកាសែតរុស្ស៉ី Vedomosti កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះបានរាយការណ៍ថាលោក ពូទីន នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង និងវៀតណាម នៅប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ។ មន្ត្រីវៀតណាមម្នាក់ បានប្រាប់ Reuters ថាលោក ពូទីន អាចនឹងធ្វើទស្សនកិច្ចទៅកាន់វៀតណាម ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែមិថុនា តែមិនទាន់មានការទទួលស្គាល់ជាផ្លូវការនៅឡើយទេ រីឯខាងវិមានក្រឹមឡាំងក៏មិនបានបញ្ជាក់ពីកាលរិច្ឆេទនៃដំណើរទស្សនកិច្ចរបស់លោក ពូទីន នៅកូរ៉េខាងជើង នោះដែរ៕